ព័ត៌មានអន្តរជាតិ

រាជទាយាទអារ៉ាប៊ីសាអូឌីត ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយអនុប្រធានាធិបតីចិន នៅទីក្រុងរីយ៉ាដ

image


រីយ៉ាដ, អារ៉ាប៊ីសាអូឌីត៖ តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីចិន លោក ហាន ហ្សេង (Han Zheng) នៅឯវិមានអាល់យ៉ាម៉ាម៉ាហ៍ (Al-Yamamah) ក្នុងរាជធានីរីយ៉ាដ ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងសងខាង បានចូលរួមនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធ ដោយរាប់ចាប់តាំងពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ រហូតដល់ស្ថានការណ៍អន្តរជាតិជាដើម ។

អំឡុងដំណើរទស្សនកិច្ចនោះ លោកហាន បានថ្លែងនៅក្នុងសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត «Future Investment Initiative» ដោយអំពាវនាវឱ្យមានកិច្ចសហការឈ្នះ-ឈ្នះ និងសុខសុភមង្គលរួមគ្នា ខណៈដំណើរទស្សនកិច្ចនេះ ក៏រួមបញ្ចូលទាំងប្រទេសកាតា និងគុយវ៉ែតផងដែរ ។

គួររម្លឹកថា ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងចិន កាន់តែជិតស្និទ្ធនឹងគ្នា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបន្ទាប់ពីចិនជួយជំរុញនិងសម្របសម្រួលដល់ការស្តារទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ឡើងវិញ នៅឆ្នាំ ២០២៣។ ចិនក៏គាំទ្រផែនការចក្ខុវិស័យឆ្នាំ ២០៣០ របស់អារ៉ាប៊ីសាអូឌីត ដែលមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីបំពេញបន្ថែមជាមួយនឹងគំនិតផ្តួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ SPA/ Reuters/ FAYEZ NURELDINE/AFP via Getty Images