សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅខែមករាខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក និងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងផ្តល់យោបល់ ព្រមទាំងប្រមូលធាតុចូល ដើម្បីរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅបានជោគជ័យ ហើយមហាសន្និបាតនេះគ្រោងនឹងរៀបចំនៅថ្ងៃទី២៧ និង២៨ ខែមករា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។
ជាមួយគ្នានេះផងដែរ ដើម្បីឲ្យមហាសន្និបាតប្រព្រឹត្តទៅរលូន និងជោគជ័យ អ្នកឧកញ៉ា គិត ម៉េង ក៏បានសម្រេចបង្កើតគណៈកម្មការរៀបចំនិងសម្របសម្រួល មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៦ ដែលមានអ្នកឧកញ៉ាជាប្រធានគណៈកម្មការ។
សូមជម្រាបថា មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងមានការអញ្ជើញថ្លែងសុន្ទរកថា និងជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូត អ្នកវិនិយោគ សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមទាំងអស់ នៅកម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ព្រមទាំងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសផងដែរ។ ក្នុងនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល ជាច្រើនផងដែរ៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត