រថយន្តដឹកដំឡូងមីផ្ទុកលើសទម្ងន់ បង្កឲ្យបាក់ស្ពានដែកបេឡេត៌ នៅស្រុកស្នួល ខេត្តក្រចេះ
ក្រចេះ៖ រថយន្តធុនធំ ប្រភេទក្បាលសណ្តោង ដឹកដំឡូងមីស្រស់មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៌ បណ្ដាលឲ្យស្ពានបាក់ធ្លាក់ទាំងស្រុង ប្រវែង ៤៣ម៉ែត្រ ធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់ផ្ដាច់ទាំងស្រុងនៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង ៧និង០០ព្រឹក នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
អ្នកបើកបរបង្កហេតុ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកនូវរថយន្ត V1 ម៉ាក HYUNDAI ក្បាលសណ្តោពណ៌ស និងរ៉ឺម៉កពណ៌ក្រហម (មិនមានស្លាកលេខ)។
ស្ពាននេះ ស្ថិតនៅជិតផ្សារ១១៥ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឆ្លងកាត់ព្រែកឆ្លូង (ឬព្រែកឆ្លង) ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់សម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមក។
យោងតាមប្រភពព័ត៌មាន និងការសន្និដ្ឋានបឋម ហេតុការណ៍បាក់ស្ពាននេះ គឺបណ្ដាលមកពីការបើកបរឆ្លងកាត់របស់ រថយន្តខ្នាតយក្សដឹកដំឡូងដែលផ្ទុកលើសទម្ងន់ ។
បច្ចុប្បន្ន ក្រុមការងារមន្ទីរសាធារណការខេត្ត បានសហការជាមួយ រដ្ឋបាលស្រុកស្នួល កម្លាំងអធិការស្រុកស្នួល និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងចុះសម្រួលស្ថានការណ៍នៅទីតាំងកើតហេតុ និងចាត់ចែងតាមនីតិវិធីច្បាប់ ដើម្បីរៀបចំដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕
អត្ថបទ៖ សារី ណែត