កម្ពុជា និងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន
សៀមរាប៖ អគ្គលេខាធិការអាជ្ញាធរមីន លោក លី បញ្ញារិទ្ធិ៍ បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលបញ្ហានេះទាមទារឲ្យមានការរួមសហការគ្នាដើម្បីដោះស្រាយ។
លោក លី បញ្ញារិទ្ធិ៍ បានលើកឡើងដូចនេះក្នុងពិធីបិទសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ លោកបានឱ្យដឹងថា ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ទោះបីជានៅក្នុងសកម្មភាពមីនបានទទួលសមិទ្ធផលគួរជាទីកត់សម្គាល់ក្តី។ លោកអគ្គលេខាធិការអាជ្ញធរមីន ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មួយ ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
សូមេជម្រាបថា ក្នុងវិស័យមីន កម្ពុជាបានខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្លាំង រហូតក្លាយជាប្រទេសគំរូ និងឈានមុខគេក្នុងការជំរុញឱ្យមានការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនសកល ដើម្បីឈានទៅលុបបំបាត់នូវទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយសារមីន តាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់សកម្មភាពមីនសកល។ ជាមួយគ្នានេះ សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិ ដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងរួមទាំងកម្ពុជា៕
អត្ថបទ៖ ជា ស្រស់