ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ បច្ចេកវិទ្យាឌីជីថល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាអាទិភាពពិសេសមួយ ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច
ភ្នំពេញ៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថា រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយបានដាក់ចេញនូវផែនការ សកម្មភាពនិងយុទ្ធសាស្ត្រនានា ឆ្លើយតបនឹងការរីកចម្រើននៃក្របខ័ណ្ឌបច្ចេកវិទ្យាឌីជីថល នៅក្នុងសង្គមកម្ពុជា។
ថ្លែងក្នុង «សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពី អក្ខរកម្មឌីជីថល និង សុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ», លោក កឹមរ័ត្ន វិសិដ្ឋ បន្តថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយបានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ_ដំណាក់កាលទី១» ដោយបន្ថែម បច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥ នៃ អាទិភាពគន្លឹះទាំង ៤ (មនុស្ស ផ្លូវ ទឹក ភ្លើង) ហើយក្នុងនោះ បច្ចេកវិទ្យាឌីជីថល ត្រូវចាត់ទុកជា អាទិភាពពិសេសមួយ ដែលជាការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. មានប្រសាសន៍ដែរថា បច្ចេកវិទ្យា ឌីជីថល និងឧបករណ៍ឌីជីថល បាននិងកំពុងផ្លាស់ប្តូរយ៉ាងលឿន ដែលមិនធ្លាប់មានពីមុនមក ក្នុងការប្រាស្រ័យទាក់ទងរបស់យើងទាំងអស់គ្នាលើគ្រប់វិស័យ រួមមាន វិស័យអប់រំ វិស័យ សុខាភិបាល វិស័យធុរៈកិច្ច និងអភិបាលកិច្ច ជាដើម។
ទន្ទឹមនឹងនេះ បញ្ហាប្រឈមមួយចំនួនក៏បានកើនឡើងស្របតាមការរីកចម្រើនផ្នែក បច្ចេកវិទ្យាឌីជីថល ដែលបញ្ហាទាំងនោះពាក់ព័ន្ធនឹងសុវត្ថិភាពឌីជីថល ការការពារទិន្នន័យបុគ្គល សន្តិសុខទិន្នន័យ និងឧក្រិដ្ឋកម្មឆ្លង ជាដើម។ ក្នុងន័យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលជូនដល់អង្គការសង្គមស៊ីវិល និងសាធារណជន ក៏ដូចជា រួមចំណែកប្រតិបត្តិគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០២៣៥ (កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិង ទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ) វេទិកាសម្ព័ន្ធ សង្គមស៊ីវិល ដែលមានតួនាទីជាសេនាធិការឱ្យទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពនាថ្ងៃនេះឡើង ដែលជាផ្នែកមួយនៃបេសកកម្មការងារ ចម្បងៗរបស់ វ.ស.ស. ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ដល់ អង្គសិក្ខាកាម ឱ្យបានយល់ជ្រួលជ្រាប និងជាការរួមចំណែកកសាងពលរដ្ឋ និងធុរកិច្ចឌីជីថល នៅកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ សារឹទ្ធ