ពិភពលោកកំពុងត្រៀមដោះស្រាយបញ្ហាប្រជាជនវ័យចាស់ដែលមានការកើនឡើង ខណៈចំនួនប្រជាជនវ័យក្មេងបែជាថយចុះ
សៀមរាប៖ កំណើនប្រជាជនវ័យចាស់ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រៀមខ្លួនក្នុងការដោះស្រាយនូវបញ្ហាប្រឈមដ៏ធំនេះ ខណៈដែលអត្រាចំនួនប្រជាជនវ័យក្មេង បានថយចុះជាលំដាប់។ នេះបើយោងតាមការឱ្យដឹងពី លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក្នុងសិក្ខាសាលាស្តីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមនុស្សចាស់ ឃុំ សង្កាត់ ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
លោក នាក់ ណេរ៉ុន លើកឡើងថា បច្ចុប្បន្នសកលលោកមានការប្រែប្រួលលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗបាន និងកំពុងលេចឡើងជាបន្តបន្ទាប់ ដែលបរិការណ៍នៃការប្រែប្រួលទាំងអស់នេះអាចជះឥទ្ធិពលដល់ ដំណើរការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច ស្របជាមួយកំណើននៃប្រជាជនវ័យចាស់។ លោកថាកំណើនប្រជាជនវ័យចាស់នេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលប្រទេសជាច្រើននៅទូទាំងពិភព លោកកំពុងយកចិត្តទុកដាក់ និងត្រៀមខ្លួនក្នុងការដោះស្រាយនូវបញ្ហាប្រឈមដ៏ធំនេះ ខណៈដែលអត្រាចំនួនប្រជា ជនវ័យក្មេង នឹងថយចុះជាលំដាប់។ យោងទៅតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UNDESA) ចំនួនមនុស្សនៅទូទាំងពិភពលោកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានប្រមាណ១ពាន់លាននាក់ ក្នុងឆ្នាំ២០១៩ ហើយចំនួននេះនឹងកើនឡើងដល់ប្រមាណ ១.៤ ពាន់លាននាក់នៅឆ្នាំ២០៣០ និងកើនឡើងរហូតដល់ទៅ ២.១ពាន់លាននៅឆ្នាំ២០៥០។
លោក នាក់ ណេរ៉ុន ក៏បានបង្ហាញផងដែរថា ប្រទេសកម្ពុជាក៏កំពុងតែប្រឈមទៅនឹងការកើនឡើងនៃចំនួនប្រជាជនវ័យចាស់ ដូចជាបណ្តាប្រទេសនៅលើពិភពលោកដែរ។ យោងតាមទិន្នន័យជំរឿនឆ្នាំ២០១៩ មនុស្សចាស់នៅកម្ពុជាមានប្រមាណ ១.៣៨លាននាក់ ស្មើនឹង៨.៩% នៃប្រជាជនសរុប ហើយចំនួននេះត្រូវបានព្យាករណ៍ថាអាចនឹងកើនដល់ទ្វេដងនៅឆ្នាំ២០៣០ នឹងអាចឈានទៅដល់ជាង ៤លាននាក់នៅឆ្នាំ២០៥០ ដែលកំណើននេះ អាចមានឥទ្ធិពលទៅដល់ដំណើរការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ ខណៈដែលអត្រាកំណើនប្រជាជនវ័យចាស់ និងអត្រាថយចុះនៃប្រជាជនវ័យក្មេង អាចជះឥទ្ធិពលទៅដល់ប្រព័ន្ធគាំពារសង្គម ដែលរួមមានទាំងប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម ដែលត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដោះស្រាយ និងឆ្លើយតបនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួននាពេលបច្ចុប្បន្ន និងអនាគតដ៏ឆាប់នាពេលខាងមុខ។
ស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់នេះផងដែរ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ ជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានការរស់នៅក្នុងជីវភាពល្អប្រសើរ និងសុខុមាលភាពស្របទៅតាមទស្សនវិស័យកម្ពុជាឆ្នាំ២០៣០ ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោក វែង រិទ្ធីស័ក្ក អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងឲ្យតម្លៃដល់មនុស្សចាស់ ដោយបានចាត់ទុកថា មនុស្សចាស់ជាយន្តការដ៏សំខាន់ ជាធនធានមនុស្សដ៏មានសារៈប្រយោជន៍ ជួយអភិវឌ្ឍសហគមន៍ និងសង្គមជាតិ ព្រោះថាលោកបានផ្តល់ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀតពិនិត្យលើស្ថានភាពរបស់មនុស្សចាស់នៅកម្ពុជាភាគច្រើនជួបការលំបាក មានជីវភាពក្រីក្រ និងមានបញ្ហាផ្នែកសុខភាព ដែលជាបន្ទុកដ៏សំខាន់ដែលត្រូវធានារ៉ាប់រង ទើបរាជរដ្ឋាភិបាលបានបង្កើតជាគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់កម្ពុជា ហើយនៅរាជធានី ខេត្ត បង្កើតជាអនុគណៈកម្មាធិការដើម្បីមនុស្សចាស់ និងបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់ នីមួយៗ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សចាស់ និងជំរុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមកតាមរយៈការផ្តល់វេទិកាមួយសម្រាប់ការលើកទឹកចិត្ត និងជំរុញពិភាក្សាពីបញ្ហារបស់ពួកគាត់រៀបចំដំណោះស្រាយ និងប្រារព្ធពិធីបុណ្យ ឬព្រឹត្តិការណ៍សំខាន់ៗ ជំរុញ និងផ្សព្វផ្សាយពីការគាំទ្ររបស់សហគមន៍ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ។
លោក រិទ្ធីស័ក្ក បានឱ្យដឹងថា តាមរយៈការគាំទ្រ និងចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ បានជំរុញឱ្យសមាគមមនុស្សមនុស្សចាស់ដើរតួយ៉ាងសំខាន់ក្នុងការរួមអភិវឌ្ឍសហគមន៍ និងជួយទៅដល់មនុស្សចាស់នៅតាមមូលដ្ឋាន ដោយផ្សារភ្ជាប់មនុស្សចាស់ដែលរស់នៅម្នាក់ឯង ឯកោ គ្មានទីពឹង ទៅនឹងសង្គមមួយដែលពួកគាត់អាចជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងចលនាសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍនៅក្នុងសង្គម៕
អត្ថបទ៖ ជា ស្រស់