សមត្ថកិច្ចខេត្តកំពត បញ្ជូនជនជាតិវៀតណាមស្នាក់នៅមិនស្របច្បាប់ជិត ៦០នាក់ ទៅស្រុកកំណើតវិញ
កំពត៖ មន្ត្រីនគរបាលការិយាល័យនគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក បានបញ្ជូនរួចប្រគល់ជនជាតិវៀតណាមចំនួន ៥៩នាក់ (ស្រី ១៤នាក់) ត្រឡប់ទៅស្រុកកំណើតវិញ ហើយសមត្ថកិច្ចរបស់អាជ្ញាធរវៀតណាមបានមកទទួលជនអន្តោប្រវេសន៍ទាំងនេះនៅចំណុចបង្គោលព្រំដែនលេខ៣១៣ ដោយមានការចុះហត្ថលេខាប្រគល់-ទទួលលើឯកសារស្តីពីការស្នាក់នៅកម្ពុជាមិនស្របច្បាប់។
មន្ត្រីនគរបាលបានរម្លឹកឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីសហការជាមួយកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចុះតាមដាន ស្រាវជ្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៥៩នាក់ (ស្រី១៤នាក់) ដែលបានលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់លើភ្នំបូកគោ ស្ថិតក្នុងទឹកដីភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ ក្រោយបំពេញសំណុំរឿងរួចរាល់ សមត្ថកិច្ចខេត្តកំពតបានជូនដំណឹងដល់អាជ្ញាធរវៀតណាមដើម្បីមកទទួលជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះត្រឡប់ទៅស្រុកកំណើតវិញ៕
អត្ថបទ វង្ស សុធារម្យ