ព័ត៌មានជាតិ

ACU បង្ហាញលទ្ធផលស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ឆបោកប្រាក់រាប់លានដុល្លារ

image

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបាយការណ៍វឌ្ឍនភាព នៃការស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់​ លោក ស៊ាន បូរ៉ាត អតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ។

ការបង្ហាញរបាយការណ៍នេះបានធ្វេីឡេីងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានបង្ហាញរបាយការណ៍ឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណី​ លោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា។

ពាក់ព័ន្ធករណីនេះ​ ACU បានការស្តាប់ចម្លើយ​ លោក ស៊ាន បូរ៉ាត ចំនួន១៥៧កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ)​ ដោយបានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ លោក ស៊ាន ប៊ូរាត និងបានជូនភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរការិយាល័យធ្វើការរបស់លោក ស៊ាន បូរ៉ាត​ ផងដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា លោក អ៊ុក សំណាង (ជំនួយការលោក ស៊ាន បូរ៉ាត) ថា​ ក្នុងរយៈពេល២៤ថ្ងៃ បានស្តាប់ចម្លើយចំនួន​ ១២៥កំណត់ហេតុ, លោក ស៊ិន សុខគា អតីតស្វាមី លោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា លោក ស ថាវី ក្នុងរយៈពេល១ថ្ងៃ ស្តាប់ចម្លើយបាន​ ៨កំណត់ហេតុ, អ្នកស្រី ធាម លីណា (ភរិយា លោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២កំណត់ហេតុ។​ ក្នុងរយៈពេល៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារ​ លោក កែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ ១​.​ ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ, ២.​ ចាន់ ឃឹម ៨៤កំណត់ហេតុ​ស្តាប់ចម្លើយ, ៣.​ ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ, ៤.​ ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ, ៥.​ ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ចម្លើយ, ៦.​ អ៉ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ, ៧.​ សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ, ៨.​ រ៉េត សុធីតា ១៩កំណត់ហេតុស្តាប់ចម្លើយ, ៩.​ ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០.​ ឃុច ចំរើន ២៤កំណត់ហេតុស្តាប់ចម្លើយ។

សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន៣ រួមមាន​ ១.​ បទឆបោកមានស្ថានទម្ងន់ទោស, ២.​ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និង៣.​ បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤៕