ព័ត៌មានជាតិ

អភិបាលខេត្តកែប ណែនាំអាជ្ញាធរថ្នាក់ក្រោមពិនិត្យសណ្តាប់ធ្នាប់តាមតំបន់ទេសចរណ៍ ដើម្បីត្រៀម ទទួលភ្ញៀវក្នុងបុណ្យអុំទូកខាងមុខនេះ

image

កែប៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោម មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងបង្កើតបរិយាកាសល្អ នៅតាមតំបន់ទេសចរណ៍ទាំងអស់ក្នុងខេត្ត ដើម្បីទទួលភ្ញៀវទេសចរដែលនឹងមកកម្សាន្ត ក្នុងថ្ងៃឈប់សម្រាកនាព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងមកដល់ឆាប់ៗនេះ។

អភិបាលខេត្តបានសង្កត់ធ្ងន់ថា កែបជាទិសដៅទេសចរណ៍សមុទ្រដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដូច្នេះអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ត្រូវយកចិត្តទុកដាក់លើសណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព និងភាពស្អាតស្អំតាមតំបន់ទេសចរណ៍នានា ទាំងនៅលើគោក និងលើកោះ។

លោកបានបន្ថែមថា ត្រូវបង្កើតក្រុមត្រួតពិនិត្យជាប្រចាំ ដើម្បីសម្អាតកាកសំណល់ ត្រួតពិនិត្យការចតយានយន្ត និងការផ្តល់សេវាដល់ភ្ញៀវឱ្យមានរបៀបរៀបរយ ពិសេសត្រូវធ្វើការទប់ស្កាត់អាជីវករដែលរកស៊ីបន្លំ បោកប្រាស់ភ្ញៀវទេស ឬតាមរយៈរូបភាពឆ្លៀតឱកាសផ្សេងៗ។

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ត្រីនគរបាលសង្កាត់ និងក្រុមការងារសន្តិសុខទាំងឡាយ ប្រតិបត្តិការយ៉ាងម៉ត់ចត់ ដើម្បីធានាថា ភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អៗ ពោរពេញដោយសុវត្ថិភាព និងភាពរីករាយ នៅពេលមកលេងខេត្តកែប។

ក្រៅពីនេះ លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងអាជីវកររួមគ្នា រក្សាភាពស្អាតតាមបណ្តោយឆ្នេរ និងទីកន្លែងសាធារណៈផ្សេងៗផងដែរ៕

អត្ថបទ៖ ង៉ុង សាន់