ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ៖ កម្ពុជាមានការបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជា មិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់

image


ភ្នំពេញ៖ ប្រទេសកម្ពុជា ជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជា មិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់នោះទេ ហើយកម្ពុជា ជាប្រទេសទី២ នៅក្នុងតំបន់អាស៊ានដែលបានបញ្ចូលថាមពលស្អាតរហូត ៦២ភាគរយ នៅក្នុងបណ្តាញជាតិ។ នេះជាការលើកឡើងដោយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅរាជធានីភ្នំពេញ។
លោក កែវ រតនៈ បានបញ្ជាក់ថា នៅកម្ពុជាមានខ្យល់លើបរិយាកាសល្អ មិនជាប់ស្តង់ដារកម្រិតប្រកាសអាសន្ននោះទេ។ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា បានកសាងមូលដ្ឋានថាមពលបៃតងជាគ្រឹះ និងកំពុងពង្រីកដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ដោយបានដាក់គោលដៅទៅរកការផលិតថាមពលមួយ ដែលមានភាពបៃតងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ នៅកម្ពុជា បើនិយាយពីអានុភាពតម្លើងថាមពលនៅក្នុងបណ្តាញជាតិ ថាមពលរបស់កម្ពុជា គឺមាន៦២ភាគរយ ជាថាមពលស្អាត។ មានន័យថា ថាមពលអគ្គិសនី ថាមពលជីវម៉ាស់ និងថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងចូលរួមបង្កើតឱ្យមានអត្រាខ្ពស់ គឺរហូតដល់៦២ភាគរយ នៃបណ្តាញជាតិ។
លោក កែវ រតនៈ បានលើកឡើងយ៉ាងដូច្នេះថា ៖ «៦២ភាគរយនេះ គឺមានតែប្រទេសឡាវតែមួយគត់ នៅក្នុងតំបន់អាស៊ាន ដែលលើសយើង ប៉ុន្តែបើគិតជាមួយប្រទេសជិតខាងយើង គឺប្រទេសដទៃទៀតបានបញ្ច្រាសទិសយើង។ គេ៦០ ទៅ៧០ភាគរយ នៃថាមពលអគ្គិសនីកើតចេញពីផូស៉ីស ធ្យូងថ្ម និងប្រើថាមពលដើរដោយឧស្ម័នច្រើនជាដើម។ ដូចនេះនៅកម្ពុជា អាចចាត់ទុកថាជាប្រទេសជាប់លំដាប់ទី២ ទៅហើយ»។​
លោក កែវ រតនៈ បានបន្ថែមថា ចំពោះការប្រើប្រាស់ថាមពលស្អាត ៦២ភាគរយនៅក្នុងបណ្តាញជាតិរបស់កម្ពុជា ធៀបក្នុងផែនការរបស់អាស៊ាន គឺកម្ពុជាបានលើសពីផែនការរបស់អាស៊ាន ៣០ភាគរយរួចទៅហើយ ។ កិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ីថ្មីៗនេះ គឺរដ្ឋមន្ត្រីបណ្តាសមាជិកអាស៊ានទាំងអស់បានដាក់គោលការណ៍ថា ត្រូវនាំអាស៊ានឱ្យបានទៅដល់ប្រហាក់ប្រហែល ៤០ភាគរយ នៃថាមពលស្អាត នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៣៥។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ ក៏បានគូសបញ្ជាក់ថា ផែនការនេះត្រូវបានកម្ពុជាដើរឆ្លងកាត់រួចទៅហើយ ព្រោះការបញ្ចូលថាមពលស្អាតក្នុងបណ្តាញជាតិរបស់កម្ពុជា មានដល់ ៦២ភាគរយឯណោះ ហើយកម្ពុជាមានមហិច្ចតានឹងពង្រីករហូតទៅដល់ ៧០ភាគរយ នៅត្រឹមឆ្នាំ២០២៣០ ដើម្បីចូលរួមចំណែកក្នុងពិភពលោកមួយដែលមានចីរភាព ជាពិសេសដើម្បីអនាគតរបស់ខ្លួនកម្ពុជាខ្លួនឯងតែម្តង។
ទន្ទឹមនេះរាជរដ្ឋាភិបាលមានបំណងយកថាមពលបៃតងនេះ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ​ព្រោះឧស្សាហកម្មថ្មីៗអ្នកវិនិតយោគិនចង់បានជាខ្លាំងលើថាមពលបៃតង ហើយភ្ញៀវទេសចរក៏ចង់បានថាមពលបៃតង ប្រជាជនចង់បានថាមពលបៃតង ដែលជាឱកាសឈានទៅបង្កើតការងារថ្មីៗជូនដល់ពលរដ្ឋ ជាពិសេសយុវជន៕