ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ​ អះអាងជាថ្មីថា​ ការផ្អាកនាំចូលប្រេងពីប្ទេសថៃ មិនបានជះផលអវិជ្ជមានដល់កម្ពុជាឡេីយ​

image

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងជាថ្មីថា ការផ្អាកនាំចូលប្រេងពីថៃ​ជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺ​ កម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ។ ចំពោះតម្លៃប្រេងគឺនៅធម្មតា ដោយនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជាមិនមានការលក់ឡើងថ្លៃនោះទេ។​

លោក កែវ រតនៈ បានលេីកឡេីងដូចនេះក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣​ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។​

លោក កែវ រតនៈ​ បានលេីកឡេីងយ៉ាងដូច្នេះថា៖ «បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬ អត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ។ ដូច្នេះ ការមិនយកប្រេងឥន្ធនៈពីប្រទេសថៃកន្លងមកនេះ មិនផ្ដល់ការប៉ះពាល់ជាវិជ្ជមានទាល់តែសោះ។ ផ្ទុយទៅវិញយើងមានលទ្ធភាពដើម្បីទទួលបានប្រេងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ​ ហើយអត់មានប៉ះពាល់ដល់តម្លៃទេ»៕