លោកប្រធានក្រុមប្រឹក្សាពិភពលោក ដើម្បីសន្តិភាព និងភាពអត់ឱន បានកោតសរសើរសភាកម្ពុជា ដែលមានឆន្ទៈមោះមុត និងតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ពិភពលោក
ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងគណៈប្រតិភូ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានមាតុភូមិនិវត្តន៍ មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ ។
ក្នុងអំឡុងពេលនៃបេសកកម្មការងាររយៈ ពេល៤ថ្ងៃ លោក វង សូត មិនត្រឹមតែបានចូលរួមសន្និសីទសភាអន្តរជាតិដើម្បីរំលឹក ខួបលើកទី៣០នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ប៉ុណ្ណោះទេ គឺថែមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសភាអាស៊ែប៊ៃហ្សង់ និងបានជួបជាមួយ លោក Ahmed Aljarwan ប្រធានក្រុមប្រឹក្សាពិភពលោក ដើម្បីសន្តិភាព និងភាពអត់ឱន រួមទាំងគណៈប្រតិភូមួយចំនួនទៀតផងដែរ។
ក្នុងជំនួបជាមួយ លោក Ahmed Aljarwan ប្រធានក្រុម ប្រឹក្សាពិភពលោក ដើម្បីសន្តិភាពនិងភាពអត់ឱន, លោកអនុប្រធានទី២ រដ្ឋសភា បានកោតសសើរចំពោះតួនាទីយ៉ាងសំខាន់របស់ក្រុមប្រឹក្សានេះ ក្នុងការរួមចំណែកថែរក្សាសន្តិ ភាព និងសុខដុមណីយកម្មរបស់មនុស្សជាតិ។
ក្នុងនាមរដ្ឋសភាកម្ពុជា លោកវង សូតបានអរគុណលោក Ahmed Aljarwan ដែលបានគាំទ្រសភាកម្ពុជា ធ្វើជាម្ចាស់ ផ្ទះ នៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱនកាលពីឆ្នាំ២០២៤កន្លងទៅ ដោយ ទទួលបានសមិទ្ធផលយ៉ាងល្អប្រសើរនោះ គឺ "ធម្មនុញ្ញសន្តិភាពសកល" និងជាពិសេស បានប្រគល់មេដាយសន្តិភាព ជូនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថែមទៀតផង។
លោក Ahmed Aljarwan បានកោត សរសើរសភាកម្ពុជាដែលបានបង្ហាញឆន្ទៈមោះមុត និងតួនាទីដ៏សំខាន់ ក្នុងការរួមចំ ណែកថែរក្សាសន្តិភាពតាមរយៈការចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងដំណើរការស្វែងសន្តិភាព និងការស្តារកសាងប្រទេសជាតិ ហើយគោលការណ៍ទាំងនេះ គឺមានចែងនៅក្នុងធម្មនុញ្ញសន្តិភាពសកល ផងដែរ។
លោក Ahmed Aljarwan បានជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមគ្គុទេ្ទសក៍សន្តិភាព ដែលស័ក្តិសមទទួលបាន មេដាយសន្តិភាពនេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោក វង សូត អនុប្រធានទី២ រដ្ឋសភា ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ នៅវិមានរដ្ឋសភា នាទីក្រុងបាគូ។
លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានកោតសរសើរពីភាពជោគជ័យរបស់កម្ពុជាលើការអភិវឌ្ឍប្រទេសជាតិ ដោយសារកត្តាប្រជាជនដែលបានចូលរួមយ៉ាងសកម្ម និងប្រព័ន្ធនយោបាយដែលអនុវត្តសមស្រប ជា ពិសេស កម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់ និងភាពប៉ិនប្រសប់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជា៕
អត្ថបទ៖ វង សុភ័ក្ត្រ