ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ យុទ្ធសាស្ដ្រស្ងាត់តែមិនស្ងៀម របស់រាជរដ្ឋាភិបាលកម្ពុជា បានសេចក្ដីថា រដ្ឋាភិបាលមិនមែនដេកមើលទេ គ្រាន់តែមិននិយាយតែធ្វើសកម្មភាព

image

ភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន ថ្លែងថា យុទ្ធសាស្រ្ដស្ងាត់តែមិនស្ងៀម របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការប្រមូលផលដើមរដូវ បានសេចក្ដីថាគេមិនមែនដេកមើលទេ គ្រាន់តែគេមិននិយាយតែធ្វើសកម្មភាព។

មានប្រសាសន៍បែបនេះ នាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង អញ្ជើញជាអធិបតីពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ 

សម្ដេចតេជោថ្លែងថា "មិនមែនជារឿងតក់ក្រហល់ទេ ដោយកន្លងមកកម្ពុជារងការប្រមាថដែលថា គេនឹងវាយកម្ពុជាយក៤ខេត្ដ ដើម្បីធ្វើការដោះដូរជាមួយប្រាសាទមួយចំនួន ប៉ុន្ដែកម្ពុជាបន្ដការអត់ធ្មត់ ហើយកម្ពុជាមិនអួតអាងអ្វីទាំងអស់ តែយើងមានសិទ្ធការពារខ្លួន ពីគ្រប់សកម្មភាពបំពាន។"

សម្ដេចតេជោ លើកឧទាហរណ៍ ពីភូមិព្រៃចាន់ថា គឺគេកំពុងញុះចង់ឲ្យយើងផ្ទុះអាវុធ សូម្បីតែជំពាមកៅស៊ូក៏គេបំពានបាញ់មកលើយើងដែរ គឺបាញ់ស្ទើរតែរាល់យប់ ប៉ុន្ដែខាងរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជាបានណែនាំ មិនឲ្យមានការតបតនោះទេ ខណ:ដែលកម្ពុជាបានដើរដល់ដំណាក់កាលបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍សន្ដិភាពរវាងកម្ពុជា និងថៃដែលមានទាំងម៉ាឡេស៊ី អាម៉េរិក ចិន មិត្ដអន្ដរជាតិជាច្រើនកំពុងចាំមើល៕

អត្ថបទ៖ឈឹម ធីតា

រូបភាព៖ ប៉ក់ សុខឃីម, អេង សុគុណ