ព័ត៌មានជាតិ

បច្ចុប្បន្ន កម្ពុជា មានវត្តជាង៥១០០វត្ត និងព្រះសង្ឃជាង៧ម៉ឺន៥ពាន់អង្គ

image

ភ្នំពេញ៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា បច្ចុប្បន្ន នៅទូទាំប្រទេសកម្ពុជា មានវត្តចំនួន ៥ ១៤៨ វត្ត (មហានិកាយចំនួន ៤ ៨៧៦ វត្ត, ធម្មយុត្តិកនិកាយចំនួន ២៧២ វត្ត)។

លោករដ្ឋមន្ត្រី មានប្រសាសន៍ឱ្យដឹងដូចនេះ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា កម្ពុជា មានព្រះសង្ឃចំនួន ៧៥ ៥៥៦ ព្រះអង្គ (មហានិកាយចំនួន ៧២ ៩០០ ព្រះអង្គ, ធម្មយុត្តិកនិកាយ ចំនួន ២ ៦៥៦ ព្រះអង្គ)។

ជាមួយគ្នានោះ អាចារ្យនិងអាចារិនីដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងអស់មានចំនួន ១៣ ៨៣៣ អង្គ/នាក់ ក្នុងនោះ ព្រះសង្ឃ ១ ០៤០ ព្រះអង្គ និងអាចារិនី ២២៧ នាក់។

សូមជម្រាបថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស បានប្រព្រឹត្តទៅចំនួន៣៣លើក រួមទាំងលើកនេះផងដែរ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់ឆ្នាំ២០២៥។ គណៈសង្ឃទាំងពីរគណៈបានចេញសង្ឃប្រកាសចំនួន ៣២ លើក។ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ព្រះមន្ត្រីសង្ឃនិកាយថេរវាទ ក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំង ពីរគណៈ ដោយមានការនិមន្តចូលរួមពីព្រះមេគណរាជធានី ខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកគ្រប់ ឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំងពីរគណៈ សម្តេច ឯកឧត្តម លោកជំទាវ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ព្រមទាំងតំណាងគ្រប់និកាយសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ