ក្រសួងរ៉ែ និងថាមពល ចុះកិច្ចព្រមព្រៀងវិនិយោគចំនួន ២បន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance ដែលបង្កើនសមត្ថភាពទាញយករ៉ែមាសដល់ ៧០តោន និងផ្តល់ចំណូលជូនរដ្ឋជិត ១,៦ពាន់លានដុល្លារ
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធារ៉ែក្នុងទ្រង់ទ្រាយធំចំនួន ០២បន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance របស់អូស្ត្រាលី នៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ដែលគម្រោងទាំងពីរនេះ នឹងបើកផ្លូវឲ្យក្រុមហ៊ុនអាចបង្កើនការផលិតមាសក្នុងទំហំសរុបរហូតដល់ ៧០តោន និងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណជិត ១,៦ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល នៃអាជីវកម្មរ៉ែទាំងមូល។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុនក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
តាមយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា អនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទាក់ទាញវិនិយោគិនបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន និងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគ, រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រដោយអនុញ្ញាតឱ្យ ក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានៃរ៉ែចំនួន ០២បន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរួមមាន (១) កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោង អណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ ៣៤តោន។
គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១.០០០លានដុល្លារអាមេរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និង (២) កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោនក្នុងអាយុកាល ៧ឆ្នាំនៃអណ្ដូងរ៉ែបើក។ គម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣លានដុល្លារ ដែលរួមមានសួយសារ សារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០កន្លែង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ហើយគម្រោងនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥នាក់។
ក្រៅពីនេះក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិសម្រាប់អភិវឌ្ឍសហគមន៍មូលដ្ឋានចំនួន ៥ម៉ឺនដុល្លារអាមេរិក/ឆ្នាំ និងចូលរួមសកម្មភាពសង្គមផ្សេងៗដូចជា ការដាំកូនឈើជាង ១០ម៉ឺនដើម នៅតំបន់គោលដៅទេសចរណ៍ចម្បង ស្ថិតនៅភ្នំ ១៥០០ស្រុកវាលវែង ខេត្តពោធិ៍ សាត់ ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន ឧបត្ថម្ភសម្ភារៈសិក្សាផ្សេងៗនៅតាមសាលារៀននានា ផ្ដល់ពូជឈើសម្រាប់ បណ្តុះនៅសាលារៀនរួចទិញត្រឡប់មកវិញដើម្បីដាំស្តារការ ដ្ឋានរ៉ែ ជាដើម៕