ប្រធានាធិបតីត្រាំ៖ ប្រទេសណាដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី នឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរ ឬត្រូវជាប់ពន្ធដល់ ៥០០%
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីពេលថ្មីៗនេះ បានប្រកាសគាំទ្រច្បាប់ថ្មីរបស់គណបក្សសាធារណរដ្ឋ ដែលមានលក្ខណៈតឹងតែងបំផុត ដោយមានគោលបំណងដាក់ទណ្ឌកម្មលើប្រទេសណាដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី មិនថាជាការទិញប្រេង ឧស្ម័ន ឬថាមពលផ្សេងទៀតនោះទេ ហើយកម្រិតពន្ធខ្ពស់បំផុតសម្រាប់ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយរុស្ស៊ី អាចនឹងកើនឡើងដល់ ៥០០% ឯណោះ ។
ថ្លែងចេញពីរដ្ឋផ្លរីដា (Florida) សហរដ្ឋអាម៉េរិក មេដឹកនាំកំពូលរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសណាក៏ដោយ ដែលនៅតែបន្តធ្វើអាជីវកម្មជាមួយប្រទេសរុស្ស៊ី នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ» ។
បន្ថែមពីនេះ លោកត្រាំ (Trump) បានលើកឡើងទៀតថា ច្បាប់នៃការដាក់ទណ្ឌកម្មនេះ អាចនឹងពង្រីកវិសាលភាព ឬកំពុងស្ថិតនៅក្រោមការពិចារណា ដោយបន្ថែមប្រទេសអ៊ីរ៉ង់ចូលទៅក្នុងបញ្ជីទណ្ឌកម្ម។ ការជំរុញឱ្យមានការរឹតបន្តឹងកាន់តែតឹងរ៉ឹងនេះ កើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនថាមពលរុស្ស៊ីធំៗ ដូចជា រ៉ូស្នេត (Rosneft) និងលូកអយ (Lukoil) កាលពីខែតុលា។ ទោះជាបែបណាក្ដី រដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធការរឹតបន្តឹងទាំងនេះ ដោយហៅថា «ជាទង្វើដែលនឹងមិនទទួលបានផលឡើយ» ។
គួររម្លឹកថា សហរដ្ឋអាម៉េរិក បានសម្រេចកំណត់ពន្ធគយ ៥០% លើទំនិញនាំចូលពីឥណ្ឌា ដោយសារតែរដ្ឋាភិបាលទីក្រុងញូវដេល្លី (New Delhi) នៅតែបន្តទិញប្រេងពីប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំ (Trump) បានលើកលែងករណីពិសេសសម្រាប់ប្រទេសហុងគ្រី ដោយផ្តល់ការលើកលែងរយៈពេលមួយឆ្នាំពីទណ្ឌកម្មទាំងអម្បាលម៉ាន បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ៊ើប៊ែន (Viktor Orban) កាលពីដើមខែវិច្ឆិកា ដើម្បីទុកគម្លាតពេលឱ្យហុងគ្រី ស្វែងរកប្រភពថ្មី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ NDTV| រូបភាព-Photo៖ Chip Somodevilla/Getty Images/ PETRO PARS ARGHAVAN/ The Capitalist