អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី
បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក សុខ លូ បានសំដែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានរំលោភបំពានរាងកាយ និងចាត់ទុកថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី ។
ថ្លែងក្នុងពេលដឹកនាំប្រតិភូគណៈអភិបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ បន្ទាប់ពីត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់រំលោភបំពានលើរាងកាយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
សូមបញ្ជាក់ថា ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុស ស្រី ជាង១០នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ ។ ក្នុងពេលនោះក្រុមទាហានឈុតខ្មៅថៃ ប្រមាណ ៧នាក់ បានចាប់វាយដំទាត់ធាក់ ធ្វើទារុណកម្មលើពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះ ព្រមទាំងជំរិតទារប្រាក់ និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនផងដែរ ។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារ សូមឱ្យមានស្មារតីរឹងមាំឡើងវិញ ។
លោក បានបន្តថា រហូតមកដល់ពេលនេះអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យ បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទាប់ផងដែរ ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃនេះថែមទៀតផង ។
ព្រមជាមួយគ្នានោះដែរ ក្រុមគ្រួសារជនរងគ្រោះ ក៏បានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្ដល់ការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ៕
ដោយ ៖ ឡាច សុគន្ធាវី