សេដ្ឋកិច្ច

វិនិយោគិនចិនមកពីសហគ្រាស ចំនួន ២១ បានមកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា

image


ភ្នំពេញ៖ វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ ក្នុងវិស័យនានា ដូចជា អប់រំ, សុខាភិបាល, ភោជនីយដ្ឋាន, ភេសជ្ជៈ, ប្រព័ន្ធផ្សព្វផ្សាយ, និងសម្ភារៈ និងបរិក្ខាសំណង់ ជាដើម បានមកស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ក្នុងអំឡុងពេលមកទស្សនកិច្ចនៅកម្ពុជា ក្រុមហ៊ុនចិនទាំងនេះ បានជួបពិភាក្សាជាមួយលោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀល ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងឱកាសនោះ, លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយធុរកិច្ច និងការវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កម្មវិធីពិសេសទាំង ២នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែម ដល់គម្រោងវិនិយោគ ដែលក្នុងនោះ ខេត្តព្រះសីហនុ មានសក្តានុពលលើ វិស័យ ទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និងពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ កម្មវិធីពិសេសនេះ មានយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួងស្ថាប័ន ដើម្បីសម្រួលនីតិវិធី បានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព ជូនដល់វិនិយោគិន។

តំណាងក្រុមវិនិយោគិន បានសំដែងការចាប់អារម្មណ៍ លើការរីកចម្រើន និងការអភិវឌ្ឍនៅទីប្រជុំជន ពិសេស រាជធានីភ្នំពេញ, គោលនយោបាលពន្ធដារ ពន្ធអាករ, ការអភិវឌ្ឍ និងការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង ២៥។

លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការចូលរួមចំណែកយ៉ាងសំខាន់របស់វិនិយោគិន ដែលបាន និងកំពុងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា និង ជនពរគណៈប្រតិភូ ឱ្យទទួលបានជោគជ័យថែមទៀត ក្នុងធុរកិច្ចរៀងៗខ្លួន៕