ព័ត៌មានអន្តរជាតិ

នាវា Weterdams បាននាំភ្ញៀវទេសចរណ៍ជិត ២០០០នាក់ មកដល់ក្រុងព្រះសីហន ជាលើកទី៣

image


ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសដ៏ធំ Westerdam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ១៨៥០នាក់ (ស្រី ៩៩២នាក់) ស្មើនឹង ៤៣សញ្ជាតិ និងមាននាវិកសរុបចំនួន ៨០៤នាក់ (ស្រី១៥៦នាក់) ស្មើនឹង ៣៩សញ្ជាតិ បានចូលសុំចតដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជាលើកទី៣ សម្រាប់រដូវប្រាំងឈានចូលឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាវាទេសចរណ៍ Westerdam សញ្ជាតិ Holland មានបណ្តោយ ២៨៥.២២ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ និងមានជំរៅទឹក ៨.១ម៉ែត្រ បានធ្វើដំណើរចាកចេញពីកំពង់ផែប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៦:២០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់មកមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស Westerdam ដែលមានសញ្ជាតិច្រើនជាងគេ ដូចជា USA Australia និង Canada។ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍បានធ្វើដំណើរទស្សនានៅតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ក្រៅពីនេះទៅកម្សាន្តតំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សលាបឋមសិក្សា និងអនុ វិទ្យាល័យ បិតត្រាំង សង្កាត់រាម ក្រុងកំពង់សោម។

សូមបញ្ចាក់ថា នាវាទេសចរណ៍ Westerdam ដែលបាននាំភ្ញៀវទេសចរធ្វើដំណើរក្នុងតំបន់អាស៊ាន ជាពិសេសកាលពីសម័យជំងឺរាតត្បាតកូវីដស៍-១៩ ដែលប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យនាវានេះចូលចត មូលហេតុក្លាចមានការឆ្លងនូវជំងឺកូវីដ-១៩ ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកម្ពុជា ជាពិសេសកាចូលសុំចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ហើយសម្តេចតេជោក៏បានមកទទួលភ្ញៀវទេសចរ និងជូនផ្កាកូឡាបដល់ភ្ញៀវទេសចរផងដែរ ក្នុងទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ។

ក្រៅពីនេះក៏បានជួយសម្របសម្រួលឱ្យភ្ញៀវទេសចរបានធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនប្រកបដោយសុវត្ថិភាព ហើយរាល់សកម្មភាពទាំងអស់នេះសបញ្ជាក់ថា កម្ពុជាជាប្រទេសតូចក៏ប៉ុន្តែមានបេះដូងធំទូលាយដោយប្រកាន់ភ្ជាប់នូវបញ្ហាមនុស្សធម៌ជាធំ បើទោះបីប្រទេសជាច្រើនមិនអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅតាមប្រទេសរបស់ខ្លួនយ៉ាងណាក៏ដោយ៕