ព័ត៌មានជាតិ

សម្ដេចតេជោ រំពឹងថា ទំនាក់ទំនងកម្ពុជា-អូទ្រីស នឹងកើនឡើងបន្ថែមលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ខណ:ខែក្រោយនេះ អ្នកវិនិយោគអូទ្រីសនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ

image


ភ្នំពេញ៖ កម្ពុជា-អូទ្រីស មានស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា ដោយប្រទេសទាំងពីររំពឹងថា ទំនាក់ទំនងប្រទេសទាំងពីរ នឹងកើនឡើងលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ខណ:ខែក្រោយនេះ អ្នកវិនិយោគអូទ្រីសនឹងមកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍បែបនេះនាឱកាសអនុញ្ញាតឱ្យ លោក Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នៅវិមានព្រឹទ្ធសភា។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជាឯកអគ្គរដ្ឋទូត ក្នុងពេលលោកបំពេញបេសកកម្មការងារ ថ្វីត្បិតតែពេលនេះ បានផុតអាណត្តិក៏ពិតមែន ប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថា បេសកកម្មរបស់លោកនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជានិងអូទ្រីស។

ឯកអគ្គរដ្ឋទូតអូទ្រីស បានបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអូទ្រីស ដែលមាននាពេលកន្លងមក ហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀត ក្នុងនោះលោកក៏បានរំលេចអំពី ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលលោកបានឃើញប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានអគារខ្ពស់ៗជាច្រើននាពេលបច្ចុប្បន្ននេះ។

លោកក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី ដោយបានបញ្ជាក់ថា កន្លងមកអូទ្រីសបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យដោះមីន រួមមានការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយលោករំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយនៅក្នុងខែក្រោយនេះ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែក នៅក្នុងវិស័យដោះមីន ក្នុងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការ មួយចំនួនទៀត ដែលកម្ពុជានិងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។ សម្ដេចក៏បានឯកភាពចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្ម រវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។

សម្ដេចតេជោបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។ សម្ដេចតេជោក៏ចង់ឃើញនូវកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌនយោបាយ ជាពិសេសនៅទំនាក់ទំនងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីស្វែងរកនៅយន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ឈឹម ធីតា
រូបភាព៖ ប៉ក់ សុខឃីម, អេង សុគុណ