ព័ត៌មានអន្តរជាតិ

មនុស្សរាប់រយនាក់ តវ៉ាឱ្យកម្ទេចចោលផ្ទះឪពុករបស់អតីតនាយករដ្ឋមន្ត្រី Hasina ដែលជានិមិត្តរូបនៃលទ្ធិផ្តាច់ការ

image


បង់ក្លាដេស្ហ៖ ភាពតានតឹងបានកើនឡើងនៅរដ្ឋធានីដាកា (Dhaka) កាលពីថ្ងៃចន្ទ ខណៈមនុស្សរាប់រយនាក់ បានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីបង់ក្លាដេស្ហ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បន្ទាប់ពីលោកស្រី និងអតីតរដ្ឋមន្ត្រីមហាផ្ទៃ ត្រូវបានកាត់ទោសប្រហារជីវិត ។

អំឡុងការតវ៉ានោះ អ្នកចូលរួម បានប្រមូលផ្តុំគ្នានៅជិតផ្ទះឪពុករបស់លោកស្រី ជាសារៈមន្ទីរអនុស្សាវរីយ ដែលនៅសល់ត្រឹមតែគំនរបាក់បែកក្រោយការតវ៉ាកាលពីឆ្នាំ ២០២៤ ហើយឥឡូវនេះ អ្នកតវ៉ាបានទាមទារឱ្យវាយកម្ទេចទីតាំងនោះចោលទាំងស្រុងតែម្ដង ដើម្បីបំផ្លាញនិមិត្តរូបនៃលទ្ធិផ្តាច់ការ។ អំឡុងការតវ៉ានោះ ក៏មានការប៉ះទង្គិចពាក្យសម្ដីខ្លះដែរ ជាមួយកងកម្លាំងសន្តិសុខ ។

គួររម្លឹកថា ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការពិសេសមួយរបស់បង់ក្លាដេស្ហ កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា បានរកឃើញថា លោកស្រី Hasina វ័យ ៧៨ឆ្នាំ មានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងការបញ្ជាឱ្យមានការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុករនិស្សិតកាលពីខែកក្កដា-សីហា ឆ្នាំ២០២៤ ដែលអង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា មានអ្នកស្លាប់ប្រហែល ១៤០០ នាក់ ដោយភាគច្រើនបាត់បង់ជីវិតដោយសារតែការបាញ់ប្រហារពីកងកម្លាំងសន្តិសុខ ។

ទោះជាបែបណាក្ដី សាលក្រមនេះ ធ្វើឡើងដោយមិនមានវត្តមានរបស់លោកស្រីនោះទេ ខណៈលោកស្រី Hasina បានហៅសេចក្តីសម្រេចរបស់តុលាការថា «មានភាពលំអៀង និងជារឿងនយោបាយសុទ្ធសាធ» នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីសាលក្រម។ អតីតមេដឹកនាំរូបនេះ បានរស់នៅដោយនិរទេសខ្លួននៅឯប្រទេសឥណ្ឌា ចាប់តាំងពីចុះចេញពីតំណែងដោយបង្ខំកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ក្រោយកាន់អំណាចប្រហែល ១៥ឆ្នាំ ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដេស្ហ បានអំពាវនាវជាផ្លូវការដល់ប្រទេសឥណ្ឌាឱ្យធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីរូបនេះ និងអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក អាសាឌូហ្សាម៉ាន់ ខាន់ កាម៉ាល់ (Asaduzzaman Khan Kamal) ត្រឡប់មកប្រទេសវិញ ដែលសំណើនេះ ត្រូវបានកត់សម្គាល់ដោយក្រសួងការបរទេសឥណ្ឌា ប៉ុន្តែយ៉ាងណានោះ ឥណ្ឌាមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ News18/ VIORY/ Frank Franklin II/AP File