ព័ត៌មានអន្តរជាតិ

ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី៤ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប

image


ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ «វេទិកាជាតិអេកូទេសចរណ៍ លើកទី៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

វេទិកាជាតិអេកូទេសចរណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយសម្រាប់វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដែលនឹងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ឯកជន អង្គការជាតិ- អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស។

វេទិកាប្រចាំឆ្នាំនេះ នឹងបើកឱកាសក្នុងការបង្ហាញអំពីលទ្ធផលការងារ ពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ការលើកឡើងនូវបញ្ហាប្រឈម និងការពិភាក្សាដាក់ចេញជាជម្រើសដំណោះស្រាយ និងយុទ្ធសាស្ត្រនានា ក្នុង ស្មារតីចែករំលែក ចូលរួម និងទទួលខុសត្រូវទាំងអស់គ្នាលើការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។ ព្រមជាមួយគ្នានេះ អង្គវេទិកាក៏នឹងមានការរៀបចំពិព័រណ៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ភ្ជាប់ជាមួយ ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន សមាគម ទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គការជាតិ-អន្តរជាតិ ដៃគូ អភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួម ឬមានបំណងចែករំលែកនូវលទ្ធផល ការងារ និងលទ្ធផលនៃការស្រាវជ្រាវនានា មេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ៕