ព័ត៌មានអន្តរជាតិ

មនុស្សជាង ១៣ម៉ឺននាក់ក្នុងរដ្ឋធានីម៉ានីល ចេញតវ៉ាប្រឆាំងរដ្ឋាភិបាលជុំវិញរឿងអាស្រូវពុករលួយ

image


ហ្វីលីពីន៖ កាលពីចុងសប្ដាហ៍កន្លងទៅ មនុស្សជាង ១៣ម៉ឺននាក់បានបង្ហាញវត្តមានជួបជុំគ្នានៅឯឧទ្យានរីហ្សាល់ (Rizal) ក្នុងរដ្ឋធានីម៉ានីល ក្នុងគម្រោងធ្វើការតវ៉ារយៈពេល៣ថ្ងៃដែលរៀបចំដោយវិហារ អ៊ីក្លេស្យៀ នីគ្រីស្តូ (Iglesia ni Cristo) ហៅកាត់ថា INC ដែលជាក្រុមជំនុំសាសនាដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីន ។

ព្រឹត្តិការណ៍តវ៉ាទ្រង់ទ្រាយធំនេះ ធ្វើឡើងដើម្បីទាមទារតម្លាភាព ទំនួលខុសត្រូវ និងយុត្តិធម៌ ទាក់ទងនឹងអំពើពុករលួយដ៏ច្រើនក្នុងជួររដ្ឋាភិបាល។ មនុស្សម្នាដែលចូលរួមការតវ៉ា បានកាន់ផ្ទាំងបដា ដែលស្នើសុំឱ្យមន្ត្រីប្រគល់ប្រាក់មកឱ្យពលរដ្ឋវិញ និងចាប់ជនពុករលួយដាក់ពន្ធនាគារ ។

កំហឹងរបស់សាធារណជន បានកើនឡើងបន្ទាប់ពីមានការស៊ើបអង្កេតរបស់ព្រឹទ្ធសភា បានបង្ហាញថា ប្រាក់រាប់ពាន់លានប៉េសូ ដែលមានគោលដៅសម្រាប់ប្រើប្រាស់នៅក្នុងគម្រោងគ្រប់គ្រងទឹកជំនន់ ត្រូវបានចោទប្រកាន់ថា លួចកិបកេងតាមរយៈហេដ្ឋារចនាសម្ព័ន្ធ «ខ្យល់» ដែលគ្មានការសាងសង់ ឬបានសាងសង់ដោយមិនមានគុណភាព ។

បន្ថែមពីនេះ ក្រុមអ្នកតវ៉ា ក៏បានចង្អុលបង្ហាញទៀតថា ស្ថានភាពរស់នៅរបស់ពួកគេគឺ «គួរឱ្យសង្វេគខ្លាំង» ខណៈទឹកជំនន់ដែលកើតឡើងជាញឹកញាប់ និងព្យុះទីហ្វុងខ្លាំងៗនាពេលថ្មីៗនេះ ដូចជាព្យុះ កាល់ម៉េហ្គី (Kalmaegi) និងហ្វុងវ៉ុង (Fung-wong) បានឆក់យកអាយុជីវិតមនុស្សជាង ២០០នាក់ដោយសារតែអំពើពុករលួយនេះ ហើយបញ្ហានឹងកាន់តែអាក្រក់ទៅៗ ។

គួររម្លឹកថា ក្រុមសាសនាចក្រ INC ដែលជាក្រុមសាសនាដ៏ធំនិងមានវិន័យបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន បានរៀបចំការតវ៉ានេះ ដើម្បីបង្ហាញពីការទាមទារដ៏ខ្លាំងក្លារបស់សាធារណជន ដោយស្នើឱ្យមានវិធានការប្រឆាំងនឹងមន្ត្រីដែលត្រូវគេចោទប្រកាន់ថាបានក្លែងបន្លំលុយសាធារណៈ និងបង្កឱ្យមានទុក្ខលំបាកកាន់តែខ្លាំងក្នុងអំឡុងប្រទេសប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនានា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Noel Celis via REUTERS/ Jam Sta Rosa via AFP/ Ezra Acayan/Getty Images