ប្រមុខការទូតរុស្ស៊ី-ឥណ្ឌា ជួបភិភាក្សាគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងគម្រោងសំខាន់ៗមួយចំនួនទៀត
រុស្ស៊ី-ឥណ្ឌា៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើហ្គី ឡារ៉ូវ (Sergei Lavrov) និងសមភាគីឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃស័ង្ការ (Subrahmanyam Jaishankar) បានជួបប្រជុំគ្នានៅរដ្ឋធានីមូស្គូ ក្នុងអំឡុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលប្រព្រឹត្តិទៅនោះចន្លោះថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។
លោកឡារ៉ូវ (Lavrov) បានលើកឡើងថា នេះជាជំនួបលើកទី៦ រវាងមន្ត្រីទាំងពីរនៅក្នុងឆ្នាំនេះ ដែលបង្ហាញពីភាពរឹងមាំ និងសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងមានឯកសិទ្ធិរវាងរុស្ស៊ី និងឥណ្ឌា។ លោកបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ប្រទេសទាំងពីរលើផ្នែកនយោបាយ ការពារជាតិ ពាណិជ្ជកម្ម ភស្តុភារ និងគម្រោងសំខាន់ៗ ដូចជាច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើង-ខាងត្បូង និងផ្លូវសមុទ្រភាគខាងជើង ។
លោកឡាវរ៉ូវ (Lavrov) បានបន្ថែមទៀតថា រុស្ស៊ីនិងឥណ្ឌាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នានៅក្នុងអង្គការសហប្រជាជាតិ (UN), ប្រ៊ីក (BRICS), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង G20 ដែលជួយពង្រឹងស្ថិរភាពពិភពលោក និងតំបន់។ លោកក៏បានកត់សម្គាល់ផងដែរថា ភាគីទាំងពីរកំពុងកែលម្អក្របខណ្ឌច្បាប់ និងសេដ្ឋកិច្ចដើម្បីគាំទ្រពាណិជ្ជកម្មឱ្យកាន់តែរលូន ពង្រីកការផ្លាស់ប្តូរទំនិញ និងកសាងផ្លូវដឹកជញ្ជូនដែលត្រូវបានការពារពីសម្ពាធខាងក្រៅ ។
ក្នុងពេលដំណាលគ្នា លោក ចៃស័ង្ការ (Jaishankar) បានរៀបរាប់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់នៅមុនពេលដែលលោកប្រធានាធិបតី វ្លាឌីមៀរ ពុទីន (Vladimir Putin) គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ លោកបានអះអាងថា កិច្ចព្រមព្រៀងទ្វេភាគីជាច្រើនកំពុងស្ថិតនៅក្រោមការរៀបចំ ហើយភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ រួមទាំងជម្លោះអ៊ុយក្រែន តំបន់មជ្ឈិមបូព៌ា និងអាហ្វហ្គានីស្ថាន។ ជាងនេះទៀត ឥណ្ឌាគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងជឿជាក់ថា ទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា នៅតែជាកត្តាដែលធ្វើឱ្យមានស្ថិរភាពក្នុងកិច្ចការពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ PTI/ Reuters File Photo/ Shutter Stock