ពលរដ្ឋនៅខណ្ឌមានជ័យ សំណូមពរឱ្យមានការបង់ថ្លៃសេវាប្រមូលសំរាម ត្រូវទូទាត់ជាប្រាក់រៀលវិញ
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌមានជ័យបានសំណូមពរឱ្យការបង់ថ្លៃសេវាប្រមូលសំរាម ពីការបង់ប្រាក់ដុល្លារ ទៅជាបង់ប្រាក់រៀលវិញ ដោយសារតែប្រទេសកម្ពុជាប្រើប្រាស់លុយរៀល ហើយប្រជាពលរដ្ឋងាយស្រួលបង់ផងដែរ។ ទន្ទឹមនេះ ការបង់ថ្លៃសំរាមរបស់គាត់នៅក្នុងខែនេះ គឺគុណជា២ ដែលមានតម្លៃដល់ទៅ៥ដុល្លារ ដែលខែមុនតែ១ម៉ឺនរៀល ស្មើរ២ដុល្លារកន្លះ។ ការសំណូមពរដូចនេះ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
ឆ្លើយតបនឹងសំណូមពរនេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ យកសំណើរនេះពិចារណាថាតើអាចទទួលថ្លៃបង់សេវាសំរាមរបស់ប្រជាពលរដ្ឋពីការបង់ប្រាក់ដុល្លារ ទៅជាប្រាក់រៀលវិញបានដែរឬទេ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋបង់ថ្លៃសេវា។ ការបង់ថ្លៃប្រមូលសំរាមគឺពុំបានឡើងថ្លៃឡើយ ប៉ុន្តែដោយសារការដោះដូរប្រព័ន្ធបានធ្វើឱ្យការបង់ប្រាក់ខែនេះត្រូវគុណជា២។ ជាឧទាហរណ៍ ការបង់ថ្លៃសំរាម គឺអនុវត្តតាមប្រព័ន្ធធនាគារ ដោយកាលពីមុនប្រជាពលរដ្ឋត្រូវបង់ថ្លៃសំរាម ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ហើយផុតពីថ្ងៃនេះទៅ គឺពុំអាចបង់បានឡើយ។
ដោយឡែកប្រព័ន្ធថ្មី ប្រជាពលរដ្ឋអាចបង់បានពេញ១ខែ នៅថ្ងៃណាក៏បាន ដូច្នេះបានធ្វើឱ្យប្រព័ន្ធចេញតារាងបង់រហូត២ខែ។ តាមរយៈនេះ ប្រសិនបើប្រជាពលរដ្ឋបានបង់ខែនេះចំនួន២ខែហើយ ខែក្រោយពុំបាច់បង់ទៀតឡើយ។ ចំពោះសំណូមពរបង់ថ្លៃសំរាមជាប្រាក់រៀលវិញ លោកអភិបាលរងបានបញ្ជាក់ថា ក្រុមហ៊ុនដែលដេញថ្លៃប្រមូលសំរាមទំាងអស់នៅរាជធានីភ្នំពេញ សុទ្ធតែជាក្រុមហ៊ុនបរទេស មានដូចជា ក្រុមហ៊ុនស៊ីនទ្រី (Cintri Cambodia) សហការជាក្រុមហ៊ុនចិន អេវើប្រាយ (Everbrigth China) , ក្រុមហ៊ុន 800 ស៊ូបភើ (SUPER/GAEA) (បារាំង-សិង្ហបុរី) និងក្រុមហ៊ុនចិន ម៉ិស៊ូដាគ្រុប( Mizuda Group Co.,Ltd) ។ ក្រុមហ៊ុនទាំងអស់នេះ ត្រូវបានបែងចែកសិទ្ធិប្រមូលសំរាមតាមទីតាំងផ្សេងៗគ្នា ហើយដឹកទៅទីលានចាក់សំរាម ដោយគិតជាប្រាក់ដុល្លារពីសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ក្នុង១តោន តម្លៃ២៣ដុល្លារ។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទំាងអស់នេះដេញថ្លៃជាអន្តរជាតិ ដោយបង់លុយជាប្រាក់ដុល្លារ ហេតុនេះហើយបានជាប្រព័ន្ធចេញមកជាប្រាក់ដុល្លារ ប៉ុន្តែសំណូមពររបស់ពលរដ្ឋឱ្យអគ្គនាយកយកទៅពិចារណាជាមួយក្រុមប្រឹក្សាភិបាលឡើងវិញ តើអាចដូរជាប្រាក់រៀលបានដែរឬទេ។ ឧទាហរណ៍ គាត់ត្រូវបង់ ២.៥ដុល្លារក្នុងមួយខែ តើអាចបង់ប្រហាក់ប្រហែល ១ម៉ឺនរៀលបានដែរឬទេ? តារាងបង់ប្រាក់កន្លងមកនេះ សម្រេចចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយស្នើសុំការឯកភាពពីថ្នាក់ដឹកនាំខាងលើ។
នៅក្នុងវេទិការនេះដែរ មានប្រជាពលរដ្ឋលើកឡើងជាសំណួរ និងសំណូមពរផ្ទាល់មាត់ចំនួន៧បញ្ហាដែលពាក់ព័ន្ធទៅនឹងវិស័យសាធារណការ ស្នើស្តារប្រឡាយបឹងត្របែក ស្នើដាក់លូ ធ្វើផ្លូវ និងដាក់ភ្លើងបំភ្លឺផ្លូវបន្ថែមនៅក្នុងភូមិសាស្ត្រខណ្ឌ រួមទាំងការស្នើសុំធ្វើអត្តសញ្ញាណបណ្ណ ផងដែរ។ ចំពោះសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងនេះ ត្រូវបានមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌ បានបកស្រាយភ្លាមៗ រួមទាំងសន្យាចុះទៅពិនិត្យដោះស្រាយជូនពលរដ្ឋ។ ចំណែកសំណូមពរជាលាយលក្ខណ៍អក្សរមានចំនួន ៧១ច្បាប់ ដោយក្រុមការងារ នឹងពិភាក្សាដោះស្រាយ តាមក្រោយ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានបំពេញការងារក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាព ដែលបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពស្រស់ស្អាត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ៕