សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អន្តរាគមន៍ចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ នៅក្នុងកិច្ចសន្ទនាអាស៊ានស្តីពីសិទ្ធិមនុស្សលើកទី៧ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
ហ្សាការតា៖ តាមការចាត់តាំងរបស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាអាស៊ានស្តីពី សិទ្ធិមនុស្ស លើកទី៧ និងកម្មវិធីអបអរសាទរគម្រប់ខួបរបស់សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានលើកទី១៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយមានការចូលរួមពីតំណាងប្រទេសប្រចាំអាយឆា តំណាងប្រទេសសមាជិកអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងអង្គការសង្គមស៊ីវិល។
ក្នុងឱកាសនោះ លោក ប៉ា ប៉ុណ្ណារ៉ាដា បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស បរិស្ថាន ធុរកិច្ច និងសិទ្ធិទទួលបានការអភិវឌ្ឍ តាមរយៈក្របខណ្ឌគោលនយោបាយ ច្បាប់ បទដ្ឋានផ្សេងៗ និងយន្តការ។ ទន្ទឹមនេះ លោកក៏បានធ្វើបទអន្តរាគមន៍ចំពោះព្រឹត្តិការណ៍ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលទាហ៊ានរបស់ថៃបានបាញ់រះមកលើប្រជាជនកម្ពុជាស្លូតត្រង់ នៅលើទឹកដីប្រទេសកម្ពុជា បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣នាក់។
លោកបានចាត់ទុកថា នេះជាទង្វើដ៏ព្រៃផ្សៃ និងយង់ឃ្នង ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ខុសទៅនឹងច្បាប់អន្តរជាតិ ជាពិសេសជាការរំលោភទៅនឹងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយមាន លោក Donald J. Trump ប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ជាសាក្សី។ ជាមួយគ្នានេះដែរ លោកបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពបង្កើនភាពតានតឹង និងគោរពសេចក្តីប្រកាសរួមឱ្យបានពពេញលេញ។ ស្នើឱ្យភាគីថៃដោះលេងកងទ័ពកម្ពុជាទាំង ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងសហគមន៍ថ្នាក់តំបន់ និងអន្តរជាតិ បើកការស៊ើបអង្កេតរួមគ្នាមួយ ដែលឯករាជ្យ មិនលម្អៀង និងតម្លាភាព ចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងធានាថា ជនដែលអនុញ្ញាត ឬបង្កបទល្មើសខុសច្បាប់ ត្រូវទទួលទោស។
កិច្ចសន្ទនាលើកទី៧នេះ មានគោលបំណងក្នុងការផ្តល់ជាវេទិកាបែបស្ថាបនា សម្រាប់ប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អៗ និងចំណេះដឹងក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមផងដែរ៕