ព័ត៌មានអន្តរជាតិ

ចិន ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរុស្ស៊ី ក្នុងវិស័យថាមពល កសិកម្ម និងការវិនិយោគ

image


ចិន-រុស្ស៊ី៖ ស្ថិតនៅក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនៃប្រទេសចិន និងសមភាគីរុស្ស៊ី បានបញ្ជាក់ថា ប្រជាជាតិទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល កសិកម្ម និងការវិនិយោគ ។

ក្នុងអំឡុងជំនួបនេះ នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) បានលើកឡើងថា ចិនស្វាគមន៍ការនាំចេញស្បៀងអាហារកាន់តែច្រើនរបស់រុស្ស៊ី ហើយសង្ឃឹមថា រុស្ស៊ីនឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនចិនដែលដំណើរការនៅទីនោះ (រុស្ស៊ី) ឱ្យកាន់តែមានភាពងាយស្រួល ។

ក្នុងពេលដំណាលគ្នា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ម៉ៃខល មីសាស្ទីន (Mikhail Mishustin) បានលើកឡើងថា កិច្ចសហប្រតិបត្តិការថាមពលរបស់ប្រទេសទាំងពីរគឺពិតជា "ពិសេសខ្លាំង" ហើយគ្របដណ្តប់លើប្រេង ឧស្ម័ន ធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរ។ លោកបានបញ្ជាក់ថា ភាពជាដៃគូរបស់ពួកគេនៅតែមានភាពរឹងមាំ ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ ។

គួររម្លឹកថា ប្រទេសទាំងពីរនេះ បានបន្តធ្វើការកាន់តែជិតស្និទ្ធ ស្របពេលរុស្ស៊ីកំពុងប្រឈមមុខនឹងសង្រ្គាមនៅអ៊ុយក្រែន និងចិនកំពុងប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាម៉េរិក។ កាលពីឆ្នាំ ២០២២ ពួកគេបានប្រកាសភាពជាដៃគូគ្មានដែនកំណត់ ហើយប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតី វ្លាឌីមៀរ ពុទីន (Vladimir Putin) បានជួបគ្នាជាង ៤០ ដងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters | រូបភាព-Photo៖ VIORY/ Sputnik/Alexander Miridonov/Pool via REUTERS/ Yuri Smityuk / TASS/ PETRO PARS ARGHAVAN