ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ត្រូវតុលាការបង្គាប់ឱ្យបង់ពន្ធប្រហែល ៥០០លានដុល្លារអាម៉េរិកពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp

image


ថៃឡង់ដ៍៖ តុលាការកំពូលថៃ កាលពីដើមសប្ដាហ៍នេះ បានចេញសេចក្តីសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បង់ពន្ធដែលជាប់ពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp របស់លោកកាលពីឆ្នាំ ២០០៦ មកវិញ។ ទោះបីជាតុលាការមិនបានបង្ហាញចំនួនពិតប្រាកដក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា លោក ថាក់ស៊ីន ត្រូវបង់ប្រាក់ប្រមាណជា ១៧,៦ ពាន់លានបាត (ប្រហែល ៥៤០ លានដុល្លារអាម៉េរិក)។ សេចក្តីសម្រេចនេះបានលុបចោលសាលដីកាពីមុនរបស់តុលាការឧទ្ធរណ៍ ហើយរក្សាទុកបទបញ្ជាដែលចេញដោយក្រសួងពន្ធដារជុំវិញទំហំទឹកប្រាក់ ៥០០លានដុល្លារអាម៉េរិក កាលពីឆ្នាំ ២០១៧ ។

ជម្លោះដែលកើតចេញពីការលក់ក្រុមហ៊ុន Shin Corp ដោយមិនបង់ពន្ធឱ្យបានត្រឹមត្រូវនេះ បានធ្វើឱ្យស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃមានភាពតានតឹងជាច្រើនឆ្នាំ។ តាមរយៈកិច្ចព្រមព្រៀងលក់ក្រុមហ៊ុននេះ គ្រួសារលោក ថាក់ស៊ីន បានទទួលប្រាក់ប្រហែល ១,៩ ពាន់លានដុល្លារអាម៉េរិក។ ព្រឹត្តិការណ៍នេះបានបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីសាធារណជន រហូតឈានដល់ការធ្វើបាតុកម្មទ្រង់ទ្រាយធំ និងរដ្ឋប្រហារយោធានៅឆ្នាំ ២០០៦ ដែលជាហេតុធ្វើឱ្យលោក ថាក់ស៊ីន ត្រូវធ្លាក់ចេញពីតំណែង។ បន្ទាប់ពីនោះ លោកបានចំណាយពេលជាង១០ឆ្នាំរស់នៅនិរទេសខ្លួននៅក្រៅប្រទេស មុននឹងសម្រេចចិត្តវិលត្រឡប់មកវិញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយជាច្រើនករណី ។

ជិត ២០ ឆ្នាំមកហើយ ក្រុមគ្រួសារត្រកូល ស៊ីណាវ៉ាត់ ត្រូវគេមើលឃើញថាជាគូប្រជែងនយោបាយដ៏ធំរបស់ក្រុមអ្នកគាំទ្រយោធា និងរាជានិយមថៃ។ ឥទ្ធិពលនយោបាយរបស់ត្រកូលនេះ បានធ្លាក់ចុះខ្សោយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការដកហូតតំណែងកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថុងតាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ចេញពីតួនាទីជានាយករដ្ឋមន្ត្រីស្រី កាលពីខែសីហា ឆ្នាំ ២០២៥ ដោយសារតែរងនូវការចោទប្រកាន់ពីបទរំលោភបំពានលើក្រមសីលធម៌ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព-Photo៖ Chalinee Thirasupa via REUTERS/ Free Malaysia Today