ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines នឹងតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ មកកាន់ក្រុងសៀមរាប ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) នឹងធ្វើការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងគូឡាឡាំពួ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងមួយសប្តាហ៍ ៣ជើង។ នេះបើយោងតាមលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សិង្ហបុរី, និងឥណ្ឌូនេស៊ី។
លោកបន្តថា ក្រុមហ៊ុននេះ នឹងធ្វើការហោះហើរត្រង់រវាងទីក្រុងគូឡាឡាំពួ មកកាន់ក្រុងសៀមរាបចំនួន ៣ជើង ក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Boeing737-800 ដែលមានជើងហោះហើរលេខ FY3520 និង FY3521។
លោកបានឲ្យដឹងទៀតថា បន្ទាប់ពីជើងហោះហើរត្រង់ពីគូឡាឡាំពួ-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Firefly (FY), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) រំពឹងថា នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ២បន្ថែមទៀត គឺក្រុមហ៊ុន T'way និង Air Busan នៅត្រឹមដំណាច់ឆ្នាំ២០២៥។
បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មានក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើប្រតិបត្តិការហោះហើរចំនួន ១២ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន ២ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុក ចំនួន ១០។
សូមជម្រាបថា ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ ប្រទេសកម្ពុជា បាន និងកំពុងតភ្ជាប់ផ្លូវហោះហើរត្រង់ជាមួយបណ្តាប្រទេស និងតំបន់ ដែលមានសក្តានុពលកាន់តែច្រើនឡើងនៅជុំវិញពិភពលោក៕