ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា អំពាវនាវដល់ពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នពេលវិលត្រលប់មកពីប្រទេសថៃចូលមកកម្ពុជាវិញ និងប្រកាសថ្កោលទោសកម្លាំងប្រដាប់អាវុធថៃ ដែលបានធ្វើបាបលើរាងកាយពលរដ្ឋខ្មែរ

image

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត លើកម្លាំងប្រដាប់អាវុធថៃ ដែលបានភ្ជង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សាលើពលករខ្មែរ ជាពិសេសក្រុមកម្លាំងប្រដាប់អាវុធថៃយ៉ាងតិច៧នាក់ ដែលបានគំរាមដោយប្រដាប់អាវុធ បង្ខំបំបែកយុវតីរងគ្រោះចេញពីចំណោមក្រុមពលករខ្មែរផ្សេងទៀតយកទៅក្នុងព្រៃព្រួតចាប់រំលោភបូកលើនាងយ៉ាងអសីលធម៌ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រាដែលក្រុមពលករខ្មែរ បម្រុងឆ្លងព្រំដែនពីខេត្តឈុនបុរីថៃ ចូលមកទឹកដីខេត្ត បាត់ដំបងរបស់កម្ពុជា។

ក្រសួងមហាផ្ទា ចាត់ទុកអំពើភ្ជង់កាំភ្លើងជំរិតទារប្រាក់ ការប្រើអំពើហិង្សាលើក្រុមពលករខ្មែរ ជាពិសេស ការត្រួតចាប់ ពីសំណាក់ក្រុមប្រដាប់អាវុធថៃលើយុវតីរងគ្រោះ ជាឧក្រិដ្ឋកម្មដ៏ស្មោកគ្រោក កាចសាហាវ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ក្រៃលែង គ្មានភាពជាមនុស្ស គួរឱ្យស្អប់ខ្ពើមមិនអាចទទួលយកបាន ដែលនេះជាបទឧក្រិដ្ឋព្រហ្មទណ្ឌទូទៅ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ល្មើសទាំងច្បាប់ផ្ទៃក្នុងថៃខ្លួនឯង និងច្បាប់អន្តរជាតិពាក់ព័ន្ធ ជាអាទិ៍ ល្មើសនឹងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (ទីក្រុងប៉ារីស-ឆ្នាំ១៩៤៨) និងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម (UN-ឆ្នាំ១៩៨៤)។ ជារួម អំពើដ៏ស្មោកគ្រោកនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលបញ្ញត្តិដោយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងក្របខ័ណ្ឌច្បាប់អង្គការសហប្រជាជាតិ (UN)ជាដើម។

ក្រសួងមហាផ្ទៃកម្ពុជា ទាមទារឱ្យសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ចាប់ខ្លួនឧក្រិដ្ឋជនជាកម្លាំងប្រដាប់អាវុធថៃទាំង៧នាក់ និងជនពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។ ទន្ទឹមនឹងនេះ សូមទទួចសហគមន៍អន្តរជាតិពាក់ព័ន្ធ មេត្តាតាមដាន និងដាក់សម្ពាធលើភាគីថៃ ដើម្បីយុត្តិធម៌ពិតប្រាកដរបស់មនុស្សជាតិ។ ជាមួយគ្នានេះក៏អំពាវនាវដល់សាធារណជនថៃ កុំជឿលើការបំភ្លៃថាជាព័ត៌មានមិនពិត ដែលបំភាន់ដោយក្រុមជ្រុលនិយមថៃ ដោយសូមចូលរួមជំរុញឱ្យរដ្ឋាភិបាលខ្លួនបង្ហាញការទទួលខុសត្រូវ ដើម្បីស្តារមុខមាត់ថៃ បង្ហាញសហគមន៍អន្តរជាតិថា ថៃពិតជាប្រទេសមួយដែលមានក្រមសីលធម៌ គោរពសិទ្ធិមនុស្ស និងជាប្រទេសដែលកំពុងរីកចម្រើន គួរឱ្យចង់រាប់អានយកជាមិត្តបាន។

ក្រសួងមហាផ្ទៃ អំពាវនាវប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាពលរដ្ឋជាពលករនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់ចូលមាតុប្រទេសវិញ សូមធ្វើដំណើរមកតាមច្រកទ្វារព្រំដែនផ្លូវការ និងសូមផ្តល់ដំណឹងមកកាន់ក្រុមគ្រួសារ ឬទំនាក់ទំនងផ្តល់ព័ត៌មានមកអាជ្ញាធរ មន្ត្រីប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែន ដើម្បីចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ ជាអាទិ៍ ដូចករណីខាងលើ៕