ករណីរំដោះអ្នកទោស ៦នាក់ នៅតុលាការខេត្តស្វាយរៀង សមត្ថកិច្ចចម្រុះបង្ក្រាបបានទាំងអស់វិញហើយ
ស្វាយរៀង៖ ក្រោយពីស្ត្រីជនជាតិវៀតណាមម្នាក់បានបន្លំខ្លួនចួលសាលាដំបូងខេត្តស្វាយរៀងជួបហើយបន្លំសួរសុខទុក្ខអ្នកទោស និងយកកាំភ្លើងមួយដើមឲ្យអ្នកទោសរួចភ្ជង់គំរាមសមត្ថកិច្ចបាញ់អស់ជាច្រើនគ្រាប់កាលពីម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចហើយជនល្មើសបានរត់ចេញក្រៅសាលាដំបូងឡើងបើករថយន្ត Lexus CT200T ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2.CA.0692 រត់គេចខ្លួនហើយទម្លាក់បក្សពួក ៦នាក់ ក្នុងនោះស្រីម្នាក់ និងបានបើករថយន្តបន្តដើម្បីបង្វៀងដានសមត្ថកិច្ចបណ្តោលឱ្យរថយន្តជនល្មើសធ្លាក់ប្រឡាយទឹក ស្ថិតក្នុងឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានម្នាក់។
ប្រភពពីសម្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាប់បានអ្នកទោសម្នាក់ក្នុងចំណោម៦នាក់ សមត្ថកិច្ចចម្រុះបានបន្តស្រាវជ្រាវតាមស្វែងរកអ្នកទាំង៥ និងស្ត្រីជើងខ្លាំងម្នាក់ដែលមករំដោះអ្នកទោស(សរុប៦នាក់) រហូតដល់ម៉ោង ៣ជាងរសៀលថ្ងៃដដែលសមត្ថកិច្ចបានតម្រុយថានៅលាក់ខ្លួនឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងចម្រុះ មានកម្លាំងនាយកដ្ឋានសហការណ៍ជាមួយកម្លាំង ខេត្ត ស្រុក ព្រមទាំង កម្លាំងអាវុធហត្ថ បានឡោមព័ទ្ធនៅភូមិព្រៃសម្ព័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងបានផ្ទុះអាវុធជាច្រើនគ្រាប់ដោយអ្នកទោសទាំងអស់ពួនសំងំក្នុងព្រៃតាមវាលស្រែក្រោយផ្ទះប្រជាពលរដ្ឋ។
ប្រភពបន្តទៀតថា ក្រោយពីផ្ទុះអាវុធរួចមកដល់ម៉ោង ៦:០០យប់ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ និងម៉ោង៦:១០នាទីចាប់បាន២នាក់បន្ថែមទៀតរហូតដល់ម៉ោង៦:៤០នាទីគឺបិទបញ្ចប់ការចុះបង្ក្រាបខាងលើនេះ៕
អត្ថបទ៖ មិន ភក្តី