ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកែប ជំរុញមន្ទីរអភិវឌ្ឍន៍ជនបទ ពន្លឿនការជជែកជាមូយអង្គការដៃគូ ក្នុងការអភិវឌ្ឍផ្លូវកៅស៊ូចំនួន៣ខ្សែ ឱ្យចេញជារូបរាង្គឆ្នាំ២០២៦

image

កែប៖ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថ្នាក់ដឹកនាំខេត្តកែប បានធ្វើការជំរុញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ឲ្យជជែកជាមួយអង្គការ ក្នុងការសម្របសម្រួលការអភិវឌ្ឍផ្លូវលំចំនួន ៣ខ្សែ ទៅជាផ្លូវកៅស៊ូ DBST ធ្វើយ៉ាងណាអាចឱ្យគម្រោងទាំងនេះចេញជារូបរាង្គនៅឆ្នាំ២០២៦ខាងមុខនេះ។ 

នេះជាការលើកឡើងរបស់លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបទទួលបន្ទុក អំឡុងពេលដែលលោកដឹកនាំប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងសហការី ចុះពិនិត្យផ្លូវលំទាំង៣ខ្សែ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ផ្លូវទាំង៣ខ្សែ ដែលគ្រោងអភិវឌ្ឍន៍ទៅជាផ្លូវកៅស៊ូនេះ ស្ថិតនៅស្រុកដំណាក់ចង្អើរចំនួន២ខ្សែ និងក្រុងកែបចំនួន១ខ្សែ។ 

លោក ហ៊ួរ មិថុនា លើកឡើងថា ដោយបានការយកចិត្តទុកដាក់ពីសំណាក់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត លោកបានយកចិត្តទុកដាក់ជាមួយសុខទុក្ខពលរដ្ឋនៅតាមមូលដ្ឋាន ខិតខំជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបម្រើដល់ការដឹកជញ្ជូន និងសម្រួលដល់ការធ្វើដំណើរ សំដៅលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមទីជនបទឲ្យកាន់តែរីកចម្រើន។  

បន្ថែមពីនោះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តទទួលបន្ទុក បានដាក់ចេញនូវវិធីសាស្រ្ត ៣ចំណុច ឲ្យមន្ទីរអភិវឌ្ឍន៍ជនបទអនុវត្តន៍ ទី១. ពិនិត្យគ្រប់ផ្លូវទាំងអស់ក្នុងគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ លើលក្ខណៈបច្ចេកទេសផ្លូវ ជៀសវាងការបង្ករទៅជាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដូចជា ផ្លូវកែងហួសហេតុជាដើម ទី២ ពិនិត្យលើលិខិតបទដ្ឋាននានា ដើម្បីស្នើរទៅលោកអភិបាលខេត្ត ប្រជុំដោះស្រាយលើករណីដែលកំពុងរាំងស្ទះ និងទី៣ ធ្វើសំណើរទៅកាន់អង្គការដៃគូ ដើម្បីជជែកលើការសម្របសម្រួល ពន្លឿនការអនុវត្តន៍គម្រោងអោយបានកាន់តែឆាប់។ 

តាមការបញ្ជាក់ពីលោក ហង្ស សាវន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឆ្នាំ២០២៧ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកគម្រោងអភិវឌ្ឍន៍ពីផ្លូវលំទៅជាផ្លូវកៅស៊ូប្រភេទ DBST ចំនួន៣ ខ្សែ ដោយខ្សែទី១ ប្រវែង ៥.៥០០ម៉ែត្រ ស្ថិតនៅភូមិអូរក្រសារ និងភូមិដំណាក់ចំបក់ ក្នុងក្រុងកែប ខ្សែទី២ មានប្រវែង ៦.០០០ម៉ែត្រ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងខ្សែទី៣ មានប្រវែង ៧.៦៨០ម៉ែត្រ ឆ្លងកាត់៣ភូមិ នៃស្រុកដំណាក់ចង្អើរ មានភូមិអូរដូង ភូមិកោះសោម និងភូមិព្រៃតាកុយ។ 

លោកថា តបតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរនឹងជំរុញការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីបម្រើសេចក្តីត្រូវការបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ង៉ុង សាន់