លោក ចាង ជីវិញ តំណាងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិព័រណ៍អន្តរជាតិលើកទី៣២ ស្តីពីឧបករណ៍ និងបច្ចេកវិទ្យាថាមពលអគ្គិសនី ក្នុងទីក្រុងសៀងហៃ
សៀងហៃ៖ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចំនួន ១៦រូប ចូលរួមពិព័រណ៍អន្តរជាតិលើកទី៣២ ស្តីពីឧបករណ៍ និងបច្ចេកវិទ្យាថាមពលអគ្គិសនី ក្នុងទីក្រុងសៀងហៃ
ពិព័រណ៍អន្តរជាតិលើកទី៣២ ស្តីពីឧបករណ៍ និងបច្ចេកវិទ្យាថាមពលអគ្គិសនី (EP Shanghai 2025) រៀបចំឡើងដោយក្រុមប្រឹក្សាអគ្គិសនីចិន និងក្រុមហ៊ុន Adsale Exhibition Services Ltd. ដែលមានការតាំងពិព័រណ៍បច្ចេកវិទ្យា និងការអនុវត្តការផ្ទុកថាមពលអគ្គិសនី ប្រព្រឹត្តទៅពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិថ្មីសៀងហៃ។
ពិព័រណ៍នេះ ផ្តោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍបណ្តាញអគ្គិសនី ការសាងសង់ប្រព័ន្ធថាមពលថ្មី និងការផ្លាស់ប្តូរឌីជីថលនៃថាមពល។ ពិព័រណ៌នេះ ផ្តល់នូវវេទិកាដំណោះស្រាយដ៏ទូលំទូលាយសម្រាប់កិច្ចសហការ និងការច្នៃប្រឌិត ដោយគ្របដណ្តប់លើខ្សែសង្វាក់ទាំងមូលនៃការផលិត បណ្តាញអគ្គិសនី ការផ្ទុក និងការរួមបញ្ចូលថាមពលអ៊ីដ្រូសែន។
ពិព័រណ៍ឆ្នាំ២០២៥នេះ ប្រមូលផ្តុំអ្នកតាំងពិព័រណ៍ និងម៉ាកល្បីៗជាង ២០០០ក្រុមហ៊ុន មកពីប្រទេសចិន និងនៅបរទេស ដើម្បីបង្ហាញវឌ្ឍនភាពថ្មីនៅក្នុងឧស្សាហកម្មឧបករណ៍ និងបច្ចេកវិទ្យាថាមពលអគ្គិសនី។
ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ១៩៨៦ ពិព័រណ៍អន្តរជាតិ ស្តីពីឧបករណ៍ និងបច្ចេកវិទ្យាថាមពលអគ្គិសនី (EP Shanghai) ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអគ្គិសនីចិន សាជីវកម្មបណ្តាញអគ្គិសនីរដ្ឋនៃប្រទេសចិន ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាជីវកម្មអគ្គិសនី និងសាជីវកម្មបណ្តាញអគ្គិសនីធំៗជាច្រើន។ ដោយមានកំណត់ត្រាជោគជ័យ និងបទពិសោធន៍ជាង ៣០ឆ្នាំ ពិព័រណ៌នេះ បានក្លាយជាពិព័រណ៍ថាមពលអគ្គិសនីដ៏ធំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយក្រុមហ៊ុននានា និងសមាគមពាណិជ្ជកម្មអន្តរជាតិ។
សូមបញ្ជាក់ថា ក្រៅពីចូលរួមពិព័រណ៌ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងមានជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្ដរជាតិនានា ព្រមទាំងទៅទស្សនកិច្ចរោងចក្រ ដែលមានឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ នៅក្នុងវិស័យថាមពល និងឧស្សាហកម្មប្រទេសចិន។
គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕