មីយ៉ាន់ម៉ា-រុស្ស៊ី បញ្ចប់សមយុទ្ធជើងទឹករួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពវាយប្រហារ
រុស្ស៊ី-មីយ៉ាន់ម៉ា៖ រុស្ស៊ីនិងមីយ៉ាន់ម៉ា បានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នាមួយឈ្មោះ ម៉ារូម៉ិច (Marumex) ឆ្នាំ ២០២៥ នៅឯសមុទ្រអាន់ដាម៉ាន់ (Andaman) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ។
តាមរយៈខ្សែវីដេអូ គេឃើញមាននាវាចម្បាំងជាច្រើនបានចូលរួមនៅក្នុងសមយុទ្ធនេះ ដោយមានការបាញ់កាំភ្លើងធំ ការបើកនាវាក្នុងទម្រង់ជិតគ្នា និងប្រតិបត្តិការបាញ់គ្រាប់ពិត ។
ក្នុងនោះ នាវាមុជទឹកមីនយ៉េ ថេនខាធូ (Minye Theinkhathu) របស់មីយ៉ាន់ម៉ា និងនាវាចម្បាំងមូតាម៉ា (Muttama) ក៏បានចូលរួមដែរ រួមជាមួយនឹងប្រតិបត្តិការឧទ្ធម្ភាគចក្រជាដើម ។
អំឡុងសមយុទ្ធនេះ ភាគីទាំងពីរបានអនុវត្តការហ្វឹកហ្វឺនសំខាន់ៗ រួមមាន ការហ្វឹកហ្វឺនទំនាក់ទំនង ការបើកនាវាជាក្បួននៅពេលថ្ងៃនិងពេលយប់ ការបាញ់ប្រហារទៅលើគោលដៅទាំងអាកាសនិងសមុទ្រ និងការពារប្រឆាំងយន្តហោះដ្រូន។ ក្រៅពីនេះ ក៏នៅមានឈុតឆាកជួយសង្គ្រោះនាវាដែលរឹបអូសដោយក្រុមចោរសមុទ្រទៀតផង ។
លោក អាន់ដ្រេ លីតូវឆេនកូ (Andrei Litovchenko) ដែលជាជំនួយការនៃមេបញ្ជាការជាន់ខ្ពស់នៃកងនាវាចររុស្ស៊ី ម៉ាសាល់ ស្យាប៉ូសនីកូវ (Marshal Shaposhnikov) បានថ្លែងថា សមយុទ្ធនេះបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ និងបានបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែនសមុទ្រ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ India.com/ Depositphotos