រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ព្រមានកុំពឹងផ្អែកខ្លាំងពេកលើសេដ្ឋកិច្ចចិន ខណៈជម្លោះការទូតកំពុងកើនឡើង
តូក្យូ, ជប៉ុន៖ លោកស្រី គីមី អូណូដា (Kimi Onoda) រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចរបស់ជប៉ុន បានបង្ហាញក្ដីព្រួយបារម្ភចំពោះការពឹងផ្អែករបស់ជប៉ុនលើសេដ្ឋកិច្ចចិន ខណៈជម្លោះការទូតរវាងប្រទេសទាំងពីរកំពុងកើនឡើង ។
កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលចិន បានធ្វើការអំពាវនាវឱ្យពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានថ្លែងនៅក្នុងសភា ទាក់ទងនឹងវិបត្តិដែលអាចកើតមាននៅតៃវ៉ាន់ ។
ជាការឆ្លើយតបចំពោះការអំពាវនាវនេះ លោកស្រី អូណូដា (Onoda) បានអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែវិច្ឆិកាថា «ការពឹងផ្អែកខ្លាំងពេកលើប្រទេសដែលប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច គឺជាហានិភ័យ» ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្រសួងការបរទេសចិន បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងនូវការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាបណ្ដោះអាសន្ន មិនថាជាដំណើរកម្សាន្ត ឬការសិក្សានោះទេ។ នេះគឺជាចំណាត់ការតបតទៅនឹងសេចក្ដីថ្លែងការណ៍របស់លោកស្រីតាកាអ៊ីឈិ (Takaichi) ក្នុងសភា ដែលលើកឡើងថា វិបត្តិនៅតៃវ៉ាន់ អាចបង្កើតជាស្ថានការណ៍គំរាមកំហែងដល់ជប៉ុន ដោយនឹងនាំឱ្យជប៉ុនត្រូវអនុវត្តនូវផែនការការពារខ្លួន ។
នៅក្នុងសន្និសីទដដែលនេះ លោកស្រី អូណូដា បានរៀបរាប់ដែរថា «ការពឹងផ្អែកខ្លាំងពេកលើប្រទេសដែលចូលចិត្តប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចរាល់ពេលដែលខ្លួនមិនពេញចិត្តនឹងអ្នកដទៃ នឹងបង្កជាហានិភ័យ មិនត្រឹមតែខ្សែច្រវាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែលើវិស័យទេសចរណ៍ផងដែរ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Mainichi | រូបភាព-Photo៖ The Mainichi/ Klook/ REUTERS