ព័ត៌មានជាតិ

លោក ហេង រតនា៖ ស៊ីម៉ាក់ កំពុងពង្រឹងសមត្ថភាពដល់មន្ត្រី លើកិច្ចការបោសសម្អាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់

image


កំពង់ឆ្នាំង៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាកបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសំអាតមីន ដល់មន្ត្រីឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំ
អាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។
លោក ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបិទវគ្គលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ កម្រិត១ កម្រិត២ ជំនាន់ទី៤, វគ្គហ្វឹកហ្វឺនអ្នកឯកទេសបញ្ជាសុនខ បឋមជំនាន់ទី២៤ និងវគ្គបំប៉នជំនាញថែទាំ និងបង្ហាត់សុនខជំនាន់ទី៥ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស្ថិតនៅខេត្តកំពង់ឆ្នាំង ។
លោក បន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធ បច្ចេកថ្មីៗក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែង របស់ខ្លួននៅចំការមីន ។
លោក ហេង រតនា បានលើកឡើងនូវចំណុចស្នូល២សំខាន់ ដើម្បីពង្រឹងសមត្ថភាព ធនធានមនុស្សរបស់អង្គភាពស៊ីម៉ាក់ ៖ទី១ បានខិតខំកសាងធាតុទន់ ទាំងខ្លឹមសារ ឯកសារ ចំណេះដឹងគ្រូវិជ្ជាជីវ: និងប្រពន្ធ័បែបបច្ចេកទេសឌីយីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងនិយាមរបស់ក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាតម្រូវការបច្ចេកទេសវិជ្ជាជីវៈជាតិ និងអន្តរជាតិ នៃវិស័យមីន។
ទី២ ធាតុរឹង ការកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បរិស្ថានធម្មជាតិ និងសម្ភារបច្ចេកទេស ឆ្លើយតបនឹងតម្រូវការហ្វឹកហ្វឺនអ្នកជំនាញជាតិនិងអន្តរជាតិ ហើយតម្កល់គោលដៅប្រែក្លាយមណ្ឌលនេះឱ្យក្លាយជាមណ្ឌលហ្វឹកហ្វឺនបច្ចេកទេសវិស័យមីនបម្រើទាំងក្នុងតំបន់និងអន្តរជាតិ។
លោក ហេង រតនា បានបន្ថែមទៀតថា លោកពិតជាមានមោទនភាពក្រៃលែង ដោយបានឃើញច្បាស់អ្នកឯកទេសប្រកបដោយសក្តានុពលបន្តវេន ដែលមានស្មារតីស្នេហាជាតិរឹងមាំ ឆន្ទះក្លាហានមុតស្រួច និងមានឥរិយាបថល្អ គោរពបទបញ្ជារបស់អង្គភាពយ៉ាងម៉ឺងម៉ាត់ ៕