លោក ឃួង ស្រេង ត្រូវបានប្រកាសតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ លោកកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការរាជធានី គឺជាការជំរុញបន្ថែមទៀតនូវការសម្របសម្រួលនិងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមរាជធានី ជូនអតីយុទ្ធជន និងនិវត្តជនក្នុង មូលដ្ឋានរបស់ខ្លួន។
លោកនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា៖ “អតីតយុទ្ធជន និងនិវត្តជន ពួកគាត់ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់។” បន្ថែមពីនេះ លោកបានណែនាំឲ្យប៉ុស្តិ៍ សង្កាត់ យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបាននូវព័ត៌មានពិតច្បាស់លាស់ នៅពេលមានបញ្ហាអ្វីមួយអាចទាក់ទងជួយពួកគាត់បានភ្លាមៗ។
លោក បានបន្តថា រាជធានីភ្នំពេញ មានទំហំធំណាស់ ដូច្នេះការងារពាក់ព័ន្ធនឹងអតីតយុទ្ធជន និងនិវត្តជន ក៏មានទំហំការងារធំណាស់ដែរ ដោយនៅរាជធានីភ្នំពេញមានអតីតយុទ្ធជន និងនិវត្តជន រហូតទៅដល់ជិត ៤ម៉ឺននាក់ ហើយកិច្ចការងារនេះ គឺសម្ដេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ខ្លាំងណាស់។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។
ក្នុងឱកាសនោះដែរ លោកកិត្តិសង្គហបណ្ឌិត បានថ្លែងការកោតសរសើរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខអតីតយុទ្ធជន និងវិវត្តជននៅរាជធានីភ្នំពេញ និងចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការខណ្ឌ និងរដ្ឋបាលខណ្ឌទាំងអស់ នៅទូទាំងរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់មើលថែ អតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
បន្ថែមពីលើនេះ លោកកិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ ដែលទើបទទួលបានការតែងតាំងថ្មី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែនដែលបានផ្ដល់ទំនុកចិត្តតែងតាំងលោក ធ្វើជាប្រធានគណៈកម្មាធិការ អ.ន.ក. រាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សម្ដេចតេជោហ៊ុន សែន, លោក ឃួង ស្រេង បានប្តេជ្ញាចិត្តគោរពតាម ការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត។ ប្ដេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម ,យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពនិងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិកដែលបានទទួល មរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
សូមបញ្ជាក់ថា ក្នុងពិធីនោះដែរ ក៏មានការប្រកាសតែងតាំង លោក ម៉ប់ សារិន ជាអនុប្រធានកិត្តិយសគណៈកម្មាធិការ អ.ន.ក. រាជធានីភ្នំពេញ, លោកស្រី តិមា វិច្ឆិកាល លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអនុប្រធាន ជាមួយការប្រកាសជាសមាជិកជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានផ្ដល់សម្ភារបរិក្ខាមួយចំនួនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ សម្រាប់បម្រើការងារ ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជននិងនិវត្តជននៅរាជធានីភ្នំពេញក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ៕