លោក ម៉ប់ សារិន នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋទៅតាមចំនួនសមាជិកគ្រួសារដែលបានចូលធ្វើកងទ័ព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញដែលជាខណ្ឌទី១៤ មានប្រជាពលរដ្ឋចំនួន ២៨៧គ្រួសារ និងមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ២៩៦នាក់ ។
លោក ម៉ប់ សារិន បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ពនៅសមរភូមិមុខក្នុងការលះបង់ដើម្បីការពារបូរណៈភាពទឹកដី។
នៅក្នុងឱកាសនោះដែរ លោកប្រធានគណៈប្រចាំការ បាននាំយកនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ យកទៅចែកប្រជាពលរដ្ឋទៅតាមចំនួនសមាជិកគ្រួសារដែលបានចូលធ្វើកងទ័ពក្នុងម្នាក់ៗថវិកា ៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី ២កេស ។
គួរបញ្ជាក់ដែរថា ជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សកម្ពុជារាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅ ដែលជាខណ្ឌទី១៣ មានចំនួន ៧៤គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៧៦នាក់ ។
គួររំលឹកផងដែរថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ប់ សារិន តំណាងលោក ឃួង ស្រេង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌទី១២ មានចំនួន ១៣១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ១៣៨នាក់។ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ប់ សារិន ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌដង្កោ ដែលជាខណ្ឌទី១១ មានចំនួន ៦២គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ សរុបចំនួន ៦៨នាក់៕