ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីស្រាអ៊ែល ប្រកាសថាប្រតិបត្តិការនៅតំបន់ហ្គាហ្សា មិនត្រូវការការឯកភាពពីប្រទេសផ្សេងឡើយ

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា និយាយថា ក្រុមហាម៉ាស់បាននិងកំពុងរំលោភបំពានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយអះអាងថា ក្រុមនេះបានព្យាយាមឆ្លងចូលទឹកដីអ៊ីស្រាអ៊ែល និងវាយប្រហារទាហានរបស់ខ្លួនជាច្រើនលើកច្រើនសារ ។

បន្ថែមពីនេះ លោកណេតាន់យ៉ាហ៊ូ បានរៀបរាប់ជាបន្តទៀតថា «កងទ័ពអ៊ីស្រាអ៊ែល បានឆ្លើយតបទៅវិញយ៉ាងខ្លាំងក្លា ដោយសម្លាប់និងចាប់ខ្លួនក្រុមសកម្មប្រយុទ្ធជាច្រើននាក់ រួមទាំងសមាជិកក្រុមទាំងនោះមួយចំនួននៅខាងក្នុងផ្លូវរូងក្រោមដីស្ថិតនាទីក្រុងរ៉ាហ្វា (Rafah) ថែមទៀតផង ។

មេដឹកនាំអ៊ីស្រាអ៊ែលរូបនេះ ក៏បាននិយាយដែរថា ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា អ៊ីស្រាអ៊ែល មិនត្រូវការការឯកភាពពីប្រទេសណាមួយឡើយ។ លោកបានទទូចថា កងកម្លាំងការពារអ៊ីស្រាអ៊ែល ឬ IDF ធ្វើប្រតិបត្តិការដោយឯករាជ្យ និងបន្តវាយប្រហារដើម្បីឆ្លើយតបចំពោះការគំរាមកំហែងរបស់ក្រុមហាម៉ាស់ និងហេសបូឡាហ៍ (Hezbollah) រួមទាំងការវាយប្រហារថ្មីៗនៅប្រទេសលីបង់ ។

គួររម្លឹកថា បទឈប់បាញ់រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានចាប់ផ្តើមមានសុពលភាពនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ក្រោមផែនការសន្តិភាព ២០ ចំណុចរបស់មេដឹកនាំសហរដ្ឋអាម៉េរិក ប៉ុន្តែឥឡូវនេះ វាកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំង ខណៈអ៊ីស្រាអ៊ែលបានបើកការវាយប្រហារតាមអាកាសសារជាថ្មីបន្តបន្ទាប់គ្នាដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅតំបន់ហ្គាហ្សា ។

ទោះជាបែបណាក្ដី ក្រុមហាម៉ាស់ បានបដិសេធចំពោះការចោទប្រកាន់ពីសំណាក់មេដឹកនាំអ៊ីស្រាអ៊ែល ហើយបានឆ្លើយតបទៅវិញថា លោកណេតាន់យ៉ាហ៊ូ កំពុងតែព្យាយាមរំខាន និងផ្លាស់ប្តូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលដាក់ចេញដោយប្រធានាធិបតីត្រាំ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Brendan Smialowski/AFP/Getty Images/ Mahmoud Al-Basos via REUTERS/ Middle East Eye