ចាប់ខ្លួនអ្នកចម្រៀងមួយរូប បញ្ជូនទៅតុលាការពាក់ព័ន្ធករណីប្រើហិង្សា បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ
រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នកចម្រៀងម្នាក់ ត្រៀមបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យពិការភាពដល់ជនរងគ្រោះ តាមបញ្ញត្តមាត្រា ២២៣ នៃក្រមព្រហ្មទណ្ឌ ។
អ្នកចម្រៀងអកកាដង់ម្នាក់នោះមានឈ្មោះ នួន រចនា ហៅ ជីង ភេទប្រុស អាយុ៣៨ឆ្នាំ ជាសិល្បករ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២ ០២៥ នៅចំណុចផ្លូវបេតុងលេខ ៥១BT ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនបង្ករូបនេះបានប្រព្រឹត្តបទល្មើស និងគេចខ្លួនមិនព្រមចូលបង្ហាញខ្លួនក្នុងនីតិវិធីតុលាការ រហូតតុលាការឈានដល់ការចេញដីកាបង្គាប់អោយចាប់ខ្លួន។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារពិការភាពជនរងគ្រោះ ប្រព្រឹត្តនៅចំណុចអតីតភោជនីយដ្ឋាន D.Lini ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ។
បើតាមអង្គហេតុក្នុងដំណើររឿងខាងលើ នៅថ្ងៃកើតហេតុជនសង្ស័យ និងបក្សពួកដែលត្រូវបានដឹងថាជាបងប្អូនបង្កើតនឹងគ្នា បានទៅចូលរួមកម្មវិធីផឹកស៊ីមួយនៅភោជនីយដ្ឋានខាងលើ និងបានមករករឿងជនរងគ្រោះ ដោយមិនដឹងមូលហេតុចម្បងគឺជាអ្វី រហូតជនសង្ស័យបានយកដបស្រាវាយក្បាលជនរងគ្រោះពីក្រោយខ្នង និងបន្តចាក់លើមុខរបស់ជនរងគ្រោះ ធ្វើអោយមានរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានគេចខ្លួនបត់ពីកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរថា បក្សពួករបស់ជនបង្កដែលត្រូវជាបងប្អូនបង្កើត ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយភ្ជាប់នឹងកាតព្វកិច្ចមួយចំនួនផងដែរ។
ហើយករណីខាងលើនេះត្រូវបានភាគីដែលអះអាងថា ជាជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងទៅសមត្តកិច្ចរហូតដល់តុលាការមានចំណាត់យ៉ាងក្តៅគគុកមកដល់ពេលនេះ ដែលសំណុំរឿងអ្នកចម្រៀងរូបនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់ទោសទៅតាមផ្លូវច្បាប់នោះឡើយ ៕