ព័ត៌មានអន្តរជាតិ

មនុស្ស១០នាក់ស្លាប់ក្នុងគ្រោះមហន្តរាយទឹកជំនន់នៅខេត្តស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូណេស៊ី

image


ឥណ្ឌូណេស៊ី៖ ភ្លៀងធ្លាក់ខ្លាំងវាយប្រហារកោះស៊ូម៉ាត្រា (Sumatra) ប្រទេសឥណ្ឌូណេស៊ី កាលពីពេលថ្មីៗកន្លងទៅ បានបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងបាត់ខ្លួន៦នាក់ផ្សេងទៀត ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបសអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិនេះ បានវាយប្រហារស្រុកចំនួន៦ នៅខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) ដោយបានបំផ្លិចបំផ្លាញភូមិជាច្រើន។ ទន្ទឹមនឹងនោះ ក្រុមអ្នកជួយសង្គ្រោះ ប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរទៅឱ្យដល់ទីតាំងរងផលប៉ះពាល់ ដោយសារតែអាកាសធាតុមិនអំណោយផល និងផ្លូវដែលរាំងស្ទះដោយល្បាប់ភក់ កម្ទេចកម្ទីថ្ម និងដើមឈើ ។

ការខូចខាតដ៏អាក្រក់បំផុត កើតមាននៅក្នុងស្រុកស៊ីបូលហ្គា (Sibolga) ជាទីតាំងដែលក្រុមសង្គ្រោះប្រទះឃើញសាកសពជាច្រើននាក់ ហើយអ្នកភូមិជាច្រើននាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ នៅស្រុកក្បែរនោះ ការរអិលបាក់ដី បានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបានសម្លាប់ក្រុមគ្រួសារមួយដែលមានសមាជិក ៤នាក់ ។

ទឹកជំនន់បានជន់លិចផ្ទះសម្បែងរាប់ពាន់ខ្នង ស្របពេលស្ពានមួយខ្សែក្នុងស្រុកម៉ាន់ដៃលីងណាតាល់ (Mandailing Natal) រងនូវការបំផ្លិចបំផ្លាញ ហើយផ្លូវមួយខ្សែនៅលើកោះណៃយ៉ាស់ (Nias) ត្រូវបានបិទដោយសារតែល្បាប់ភក់ និងកម្ទេចកម្ទីថ្ម ។

ទីជម្រកសង្គ្រោះបន្ទាន់ជាច្រើនត្រូវបានរៀបចំឡើង ហើយអាជ្ញាធរបានជំរុញឱ្យប្រជាជននៅតំបន់ដែលប្រឈមហានិភ័យខ្ពស់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ មន្ត្រី ក្រើនរម្លឹកថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់អាចបណ្តាលឱ្យមានការរអិលបាក់ដីកាន់តែខ្លាំង ខណៈក្រុមជួយសង្គ្រោះនៅតែបន្តប្រឈមនឹងស្ថានភាពគ្រោះថ្នាក់ និងការធ្វើដំណើរចូលទៅដល់ទីតាំងរងផលប៉ះពាល់នៅតែមានកម្រិត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ AFP/ VIORY/ Basarnas/ BNBP