ក្រុមហ៊ុនថៃមួយចំនួន ចាប់ផ្តើមប្រើប្រាស់អក្សរខ្មែរដាក់នៅលើផលិតផលរបស់ខ្លួន ជំនួសឱ្យអក្សរថៃ
ថៃឡង់ដ៍៖ តាមរយៈអត្ថបទចុះផ្សាយដោយកាសែត The Nation Thailand កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានសរសេរថា ក្រុមហ៊ុនថៃមួយចំនួន បានចាប់ផ្តើមធ្វើការផ្លាស់ប្តូរការវេចខ្ចប់ថ្មី ដោយប្ដូរមកប្រើប្រាស់ភាសាខ្មែរនៅលើផលិតផលរបស់ខ្លួនជំនួសឱ្យអក្សរថៃ ដោយសង្ឃឹមថានឹងអាចគេចផុតពីបញ្ហានយោបាយ និងធ្វើឱ្យផលិតផលរបស់ពួកគេកាន់តែងាយស្រួលលក់នៅក្នុងប្រទេសកម្ពុជា ។
ការលើកឡើងខាងលើនេះ កើតមានឡើងបន្ទាប់ពីក្រុមហ៊ុនថៃជាច្រើន កំពុងតែខាតបង់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដោយសារតែបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែលបានបន្តអូសបន្លាយអស់រយៈពេល ៥ខែមកហើយ ។
កាសែត The Nation បានសរសេរដែរថា «អ្នកមានឥទ្ធិពលជនជាតិខ្មែរនៅលើបណ្ដាញសង្គម (Influencers) ជាច្រើន បានលើកទឹកចិត្តប្រជាជនឱ្យចូលរួមពហិការផលិតផលថៃ ដែលបានធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ។
ស្ថានភាពចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្មតាមព្រំដែន និងបានកាត់បន្ថយតម្រូវការសម្រាប់ផលិតផលថៃនៅក្នុងប្រទេសកម្ពុជា។ ម៉ាកយីហោធំៗរបស់ថៃជាច្រើន បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាងគំហុកពីតំបន់នេះ ។
ក្នុងនោះ ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ (Carabao) និយាយថា ការលក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយខាតបង់ប្រាក់ចំណូលរាប់រយលានបាត (ឧទាហរណ៍៖ ២០០លានបាត ប្រហែល ៦,២លានដុល្លារអាម៉េរិក) ។
ដោយឡែក ការលក់សរុបរបស់ខារ៉ាបាវ (Carabao) នៅក្នុងតំបន់ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) បានធ្លាក់ចុះ ៤៤% ដោយសារតែការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រឈមភាពយឺតយ៉ាវ និងចំណាយច្រើនជាងមុន ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនមេរបស់មីម៉ាម៉ា ក៏បានជួបប្រទះនូវការខាត់បង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរ ខណៈប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញដ៏សំខាន់បំផុតមួយរបស់ខ្លួន ស្របពេលការលក់នៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជិត ៣០% នៅក្នុងត្រីមាសទី ៣។ ឥឡូវនេះ ក្រុមហ៊ុនមីម៉ាម៉ា កំពុងស្វែងរកប្រទេសថ្មីៗដើម្បីនាំចេញផលិតផលទៅលក់ ។
ក្រុមហ៊ុនចំណីអាហារ និងភេសជ្ជៈផ្សេងទៀត ដូចជា ម៉ាលីគ្រុប (Malee Group) និងផលិតផលទឹកដោះគោ ក៏ជួបនូវការលំបាកផងដែរ។ ទោះជាយ៉ាងណាក្ដី នៅខណៈនេះ ក្រុមហ៊ុនថៃទាំងនោះ កំពុងត្រៀមស្តុកទុក និងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុករបស់កម្ពុជា ដើម្បីស្តារឡើងវិញនៅពេលដែលលក្ខខណ្ឌចាប់ផ្ដើមប្រសើរឡើង ។
បន្ថែមពីលើបញ្ហាផលិតផលអាហារ អ្នកនាំចេញផលិតផលថែរក្សាសម្រស់ឯណោះវិញ ក៏ទទួលរងនូវផលប៉ះពាល់ផងដែរ។ ក្នុងនោះ ក្រុមហ៊ុនថែរក្សាសម្រស់កាម៉ាត (Karmarts) បានបាត់បង់ប្រាក់ចំណូលរបស់ខ្លួនរាប់លានបាតក្នុងមួយខែ ដោយសារតែពួកគេមិនអាចបញ្ជូនទំនិញឆ្លងកាត់ព្រំដែនបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព-Photo៖ File & Screenshot from The Nation Thailand