រដ្ឋធានីហាណូយ គ្រោងបង្កើតតំបន់ដាក់កម្រិតលើម៉ូតូប្រើសាំងនៅឆ្នាំ ២០២៦ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន
វៀតណាម៖ រដ្ឋធានីហាណូយ គ្រោងនឹងបង្កើតតំបន់កាត់បន្ថយការបំពុលខ្យល់ (ឬមានន័យថា តំបន់បញ្ចេញឧស្ម័នទាប) ចាប់ពីឆ្នាំ ២០២៦ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ តំបន់ទាំងនេះ នឹងដាក់កម្រិតបន្តិចម្ដងៗលើម៉ូតូសាំងនៅក្នុងតំបន់ដែលមមាញឹក។ តំបន់សាកល្បងដំបូងគេ នឹងធ្វើឡើងនៅសង្កាត់ចំនួន៩ ដែលស្ថិតនៅខាងក្នុងផ្លូវក្រវាត់ក្រុងទី១ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦ តទៅ ។
ការរឹតបន្តឹងទាំងនេះ នឹងត្រូវពង្រីកជាជំហានៗ ដោយនៅឆ្នាំ ២០២៨ វិធានការនេះនឹងគ្របដណ្តប់លើសង្កាត់ចំនួន ១៤ ដែលស្ថិតនៅខាងក្នុងផ្លូវក្រវ៉ាត់ក្រុងលេខ១ និងលេខ២ ហើយនៅឆ្នាំ ២០៣០ ការដាក់កម្រិតលើម៉ូតូសាំង នឹងពង្រីកដល់តំបន់ធំជាងនេះ ដែលស្ថិតនៅខាងក្នុងផ្លូវក្រវាត់ក្រុងទី៣ ។ ចាប់ពីឆ្នាំ ២០៣១ តំបន់ណាមួយដែលមានការបំពុល ឬមានចរាចរណ៍កកស្ទះខ្លាំងអាចនឹងត្រូវបានដាក់បញ្ចូលនៅក្រោមការគ្រប់គ្រងនៃតំបន់បញ្ចេញឧស្ម័នទាប ។
នៅក្នុងតំបន់ទាំងនេះ ម៉ូតូប្រើសាំងអាចនឹងត្រូវហាមឃាត់ ក្នុងអំឡុងម៉ោងជាក់លាក់ ឬនៅទីកន្លែងជាក់លាក់។ សេវាដឹកជញ្ជូនតាមម៉ូតូ ក៏អាចនឹងត្រូវរឹតបន្តឹងផងដែរ។ រថយន្តដែលទាបជាងស្តង់ដារបំភាយឧស្ម័នរបស់អឺរ៉ុប Euro 4 នឹងប្រឈមមុខចំពោះការដាក់កំណត់ ហើយរថយន្តតាក់ស៊ីត្រូវតែចាប់ផ្តើមផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តថាមពលស្អាត (ឬរថយន្តអគ្គិសនី) ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៦ ។
ផែនការនេះក៏តម្រូវឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្លាស់ប្តូរចេញពីការប្រើប្រាស់ម៉ូតូដែលប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលត្រឹមឆ្នាំ ២០៣០ ហើយហាមឃាត់រថយន្តដឹកទំនិញចាស់ៗដែលបង្កការបំពុលខ្ពស់ពីការធ្វើប្រតិបត្តិការនៅក្នុងតំបន់បញ្ចេញឧស្ម័នទាប។ ទន្ទឹមនឹងនោះ អាជ្ញាធរបានកាត់បន្ថយផែនការតឹងរ៉ឹង បន្ទាប់ពីទទួលបានមតិកែលម្អពីអាជីវកម្ម ក្រុមឧស្សាហកម្ម និងអាជ្ញាធរមូលដ្ឋាន ដែលបានស្នើសុំឱ្យមានចំណាត់ការលើផែនការនេះបន្តិចម្ដងៗ ។
គួររម្លឹកថា រដ្ឋធានីហាណូយ មានវត្តមានយានជំនិះចុះបញ្ជីជាង ៨ លានគ្រឿង និងបញ្ហាបំពុលខ្យល់ធ្ងន់ធ្ងរ ដោយសារតែបញ្ហាចរាចរណ៍ ហើយនេះជាមូលហេតុចម្បងនៃការបញ្ចេញឧស្ម័នយ៉ាងច្រើន។ សំណើថ្មីនេះ នឹងត្រូវពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express | រូបភាព-Photo៖ Minh Quan/ VNA/ VNS/ Vietnam Net/ VN Auto