ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-វៀតណាម រក្សាបានសន្ដិសុខព្រំដែនយ៉ាងល្អ ទាំងកិច្ចសហប្រតិបត្ដិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពាណិជ្ជកម្មតាមព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធ ខណៈភាគីទាំងពីរគ្រោងសម្ភោធច្រកអន្ដរជាតិម៉ឺនជ័យរួមគ្នានៅដើមខែធ្នូខាងមុខ

image


ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ទំនាក់ទំនងកម្ពុជា-វៀតណាម មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប្រទេសទាំងពីរអាច រក្សានូវសន្ដិសុខព្រំដែនជាមួយគ្នាបានយ៉ាងល្អ ទាំងកិច្ចសហប្រតិបត្ដិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលភាគីទាំងពីរអាចដោះស្រាយបានយ៉ាងល្អដែលធ្វើឲ្យព្រំដែនពប្រទេសទាំងពីរជាព្រំដែនដែលមានសន្ដិភាព។

មានប្រសាសន៍បែបនេះនាឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថាក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបលោក និងប្រតិភូក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោក៏ឆ្លៀតឱកាសសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាមដែលបានបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ។

លោក Bui Thanh Son បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកបានអរគុណចំពោះមនោសញ្ចេតនារបស់សម្ដេចដែលបានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិនៅវៀតណាម។

លោកក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, ប្រធានរដ្ឋសភាវៀតណាម, នាយករដ្ឋមន្ត្រីវៀតណាម ជូនចំពោះសម្ដេចតេជោផងដែរ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និងគណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ។

លោកបានរំលេចទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។ លោកក៏បានកោតសរសើរចំពោះការរក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ល្អតាមព្រំដែនរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម ចំពោះការរក្សាបាននូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរបានដោះស្រាយជាមួយគ្នាជាច្រើនទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀត ដែលធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ លើកឡើង ពីការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ដែលវាជាអំណោយផលដល់ការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ ដែលជាបំណងរបស់សម្តេចតេជោ។

សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងនូវការពេញចិត្តចំពោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅដែលប្រទេសទាំងពីរដែលចង់សម្រេចឱ្យបាន ២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។ សម្តេចតេជោក៏បានមានប្រសាសន៍ អំពីគម្រោងដែលភាគីទាំងពីរនឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យជាមួយគ្នានៅដើមខែធ្នូខាងមុខនេះ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម, ង៉ាន់ សំណាង