រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងព្រំដែនរួម ប្រកបដោយសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានកោតសរសើរចំពោះលទ្ធផលសំខាន់ៗ នៃការកំណត់ ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ហើយបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្រុញការ ដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ប្រាក់ សុខុន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៥ នៃ គណៈកម្មការចម្រុះ កម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល, ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីទាំងពីរបានទទួលស្គាល់សក្តានុពលសំខាន់សម្រាប់ ការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងឯកភាពលើកកម្ពស់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច ឱ្យកាន់តែជិតស្និទ្ធ។ ថ្នាក់ដឹកនាំទាំងពីរក៏បានរំលឹកអំពីជោគជ័យ នៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ (JTC) កម្ពុជា-ឡាវ ដែលបានរៀបចំនៅខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ ព្រមទាំងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងរិះរកកិច្ចសហប្រតិបត្តិការ លើវិស័យថ្មីៗទៀត។
រដ្ឋមន្ត្រីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ច ព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់ ពាក់ពន្ធ័នឹងវិស័យនេះអោយកាន់តែសកម្ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះមិត្តឡាវ ដែលបានផ្គត់ផ្គង់អគ្គិសនី ដើម្បីបំពេញតម្រូវការ របស់ខ្លួន។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន កសិកម្ម ការតភ្ជាប់ការដឹកជញ្ជូន ទេសចរណ៍ ការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំ៕
អត្ថបទ៖ សន ពិសិដ្ឋ