លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រំលឹកមន្ត្រីតុលាការទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង
បាត់ដំបង៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានក្រើនរំលឹកមន្ត្រីតុលាការទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
ការក្រើនរំលឹកនេះ បានធ្វើឡើងនៅនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជំនួសលោក កែវ សុជាតិ ដែលត្រូវបានផ្ទេរ និងតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីក្របខណ្ឌគោលនយោបាយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានណែនាំឱ្យពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។ ទន្ទឹមនេះ ចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាជម្រះក្តីផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានណែនាំឱ្យត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ បន្ថែមពីនេះ ព្រះរាជអាជ្ញា ត្រូវក្តាប់ឱ្យបាននូវគោលនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
បន្ថែមពីនេះ ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ និងត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, អាជ្ញាធរដែនដី, មន្ទីរ, អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅក្នុងការដោះស្រាយបញ្ហា ក៏ដូចជាដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ នាពេលកន្លងមក៕