ព័ត៌មានអន្តរជាតិ

លោកណេតាន់យ៉ាហ៊ូ ផ្ញើជូនលិខិតសុំលើកលែងទោសទៅកាន់ប្រធានាធិបតីអ៊ីស្រាអ៊ែល ក្នុងសំណុំរឿងពុករលួយ

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីចុងសប្ដាហ៍កន្លងទៅ បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី អ៊ីសាក់ ហ៊ើហ្សក (Isaac Herzog) ជុំវិញសំណើសុំការលើកលែងទោសនៅក្នុងសំណុំរឿងពុករលួយរបស់លោកដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ។

អំឡុងផ្ញើលិខិតជាផ្លូវការនេះ លោកណេតាន់យ៉ាហ៊ូ បានលើកហេតុផលថា «ការចោទប្រកាន់ព្រហ្មទណ្ឌមកលើលោក គឺកំពុងរារាំងចំពោះសមត្ថភាពរបស់លោកក្នុងការដឹកនាំប្រទេស ហើយការលើកលែងទោសនេះ នឹងបម្រើដល់ផលប្រយោជន៍សង្គមជាតិរបស់អ៊ីស្រាអ៊ែល ។

លោកណេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្ត្រីបម្រើការក្នុងរយៈពេលយូរជាងគេបំផុតក្នុងប្រទេសនេះ បានបដិសេធជាយូរមកហើយនូវការចោទប្រកាន់ពីបទសូកប៉ាន់ ឆបោក និងរំលោភទំនុកចិត្ត។ មេធាវីរបស់លោក បាននិយាយនៅក្នុងលិខិតមួយទៅកាន់ការិយាល័យប្រធានាធិបតីថា «នាយករដ្ឋមន្ត្រី នៅតែជឿជាក់ថាដំណើរការផ្លូវច្បាប់នឹងនាំឱ្យមានការលើកលែងទោសទាំងស្រុង» ។

នៅក្នុងខ្សែវីដេអូខ្លីមួយចេញដោយគណបក្ស Likud ដែលជាគណបក្សនយោបាយរបស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ និយាយថា៖ «មេធាវីរបស់លោក បានផ្ញើសំណើសុំការលើកលែងទោសទៅកាន់ប្រធានាធិបតីរួចហើយ ហើយលោករំពឹងថា អ្នកណាដែលប្រាថ្នាចង់បានភាពវិជ្ជមានសម្រាប់ប្រទេស នឹងគាំទ្រសំណើនេះ» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters Connect | រូបភាព-Photo៖ Alex Kolomoisky/AFP/Getty Images/ Ronen Zvulun via REUTERS