ព័ត៌មានជាតិ

អង្គការ Save the Children សហការជាមួយអង្គការ iDE នឹងបង្កើតទីផ្សារសាកវប្បកម្ម ដែលធន់នឹងអាកាសធាតុ និងការពារកុមារ ក្រោមថវិកាគាំទ្រ ១២លានដុល្លារនូវែលសេឡង់ ពីរដ្ឋាភិបាលនូវែលសេឡង់

image


ភ្នំពេញ៖ គម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ១២លានដុល្លារនូវែលសេឡង់ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមបង្កើនប្រាក់ចំណូលគ្រួសារកសិកម្ម និងធានាបាននូវសុខុមាលភាព់កុមារនៅជនបទ តាមរយៈគម្រោងដែលផ្តោតលើការលើកកម្ពស់វិស័យសាកវប្បកម្មដែលធន់នឹងអាកាសធាតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Save the Children ប្រចាំកម្ពុជា (SCI) ដែលបានចេញនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។

គម្រោងថ្មីដែលមានឈ្មោះថា ការបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា ឬ ហៅកាត់ថា (GROWTH) ទទួលបានមូលនិធិពីរដ្ឋាភិបាលប្រទេសនូវែលសេឡង់ (MFAT) និងត្រូវបានអនុវត្តដោយអង្គការ Save the Children ប្រចាំកម្ពុជា (SCI) ក្នុងភាពជាដៃគូជាមួយអង្គការ iDE Cambodia។ គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់គ្រួសារកសិករចំនួន ៨,០០០ គ្រួសារ និងបង្កើតបរិយាកាសដែលមានសុខភាពល្អ និងមានសុវត្ថិភាពសម្រាប់កុមារជាង ១០,០០០នាក់ នៅទូទាំងខេត្តចំនួន ៤ នៃប្រទេសកម្ពុជា រួមមាន៖ កោះកុង កំពត សៀមរាប និង បន្ទាយមានជ័យ។

លោក Winston Peters រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសណូវែលសេឡង់ (MFAT) បានមានប្រសាសន៍ថា "ប្រទេសនូវែលសេឡង់ គាំទ្រដោយមោទនភាពចំពោះគម្រោង ការបង្កើនកាលានុវត្ដភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្មនៅកម្ពុជា (GROWTH)។ គម្រោងនេះ មានគោលបំណង លើកកម្ពស់វិស័យសាកវប្បកម្ម ដ៏មានសារៈសំខាន់ ជាកត្តាជំរុញវិបុលភាពជនបទ ដោយផ្អែកលើកិច្ចសហការក្នុងវិស័យកសិកម្មអស់ជាង២០ឆ្នាំកន្លងមកនេះ។"

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា "ថ្ងៃនេះ យើងដាំគ្រាប់ពូជនៃចក្ខុវិស័យដ៏មានតម្លៃនេះ។ តាមរយៈការប្តេជ្ញា និងក្នុងភាពជាដៃគូរសហការរបស់យើង យើងនឹងធ្វើឱ្យគម្រោង GROWTH ក្លាយទៅជាសមិទ្ធផលដ៏គំរូមួយ ក្នុងដំណើរការទំនើបកម្មនៃវិស័យកសិកម្មប្រកបដោយចីរភាពសម្រាប់កម្ពុជា។"

កសិករខ្នាតតូចនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាមួយចំនួន។ បញ្ហាបម្រែបម្រួល អាកាសធាតុ និងគ្រោះទឹកជំនន់បណ្ដាល ឱ្យខូចខាតដំណាំ និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ។ ភាពបែកខ្ញែកនៃទីផ្សារ រួមជាមួយនឹងការសម្របសម្រួល និងការចែកចាយព័ត៌មានទីផ្សារនៅមានកម្រិត ធ្វើឱ្យកសិករជួបប្រទះនូវផលពិបាកក្នុងការទទួលបានតម្លៃសមរម្យ។ លើសពីនេះទៅទៀត កង្វះនូវចំណេះដឹងនៃបច្ចេកទេសសំខាន់ៗ និង លទ្ធភាពក្នុងការទទួលបានហិរញ្ញវត្ថុ ជាកត្តារារាំងដល់កសិករក្នុង ការបង្កើនផលិតភាពផងដែរ។ នៅពេលដែលប្រាក់ចំណូលក្នុងគ្រួសារធ្លាក់ចុះ កសិករបានបង្ខំ វ ចិត្តបញ្ឈប់បញ្ប់កូនរបស់ពួកគេពីការសិក្សា ឬត្រូវកាត់បន្ថយការទទួលទានអាហារដែលមានជីវជាតិ។

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children នៅកម្ពុជា បានមានប្រសាសន៍ថា "កិច្ចសហការនេះ តំណាងឱ្យវិធីសាស្ត្រផ្លាស់ប្តូរថ្មីមួយ លើសពីជំនួយកសិកម្មបែបប្រពៃណី ដើម្បីបង្កើតភាពធន់ជាប្រព័ន្ធ។ "យើងកំពុងអនុវត្តវិធីសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារ (MSD) ដែលមានគោលដៅគាំទ្រកុមារក្រីក្រ និងការយកចិត្តទុកដាក់ដល់កុមារ (child-sensitive) ។ តាមរយៈការផ្គូផ្គងកំណើនសេដ្ឋកិច្ច ជាមួយនឹងវិធានការយ៉ាងម៉ត់ចត់តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងអន្តរាគមន៍កិច្ចការពារកុមារ យើងធានាថា ការទទួលបានទីផ្សារមួយ ដែលលើកកម្ពស់អាហារូបត្ថម្ភ សុវត្ថិភាព និងការអប់រំរបស់កុមារដោយផ្ទាល់ និងកាន់តែប្រសើរឡើង ដែលស្របតាមគោលនយោបាយរបស់ MFAT ស្តីពីសមភាពយេនឌ័រកុមារ និងយុវជន និងការបន្ស៊ាំអាកាសធាតុ។"

លោក Kevin Robbins នាយកប្រចាំប្រទេសរបស់អង្គការ iDE កម្ពុជា បានមានប្រសាសន៍ថា៖ "គម្រោង GROWTH នឹងបំពាក់បំប៉នដល់កសិករសាកវប្បកម្មទាំង ចំណេះដឹង ឧបករណ៍ និងទំនាក់ទំនងទីផ្សារ ដែលពួកគេត្រូវការដើម្បីអនុវត្តកសិកម្មឆ្លាតវៃនឹងអាកាសធាតុព្រមទាំងទទួលបានទីផ្សារលក់ផលិតផលកាន់តែល្អប្រសើរ។ តាមរយៈការពង្រឹងប្រព័ន្ធទីផ្សារដំណាំសាកវប្បកម្មដែលមានភាពធន់ការលើកកម្ពស់ការចូលរួមពីវិស័យឯកជន និងការពង្រឹងសិទ្ធិអំណាចដល់សហគ្រាសកសិកម្មដែលដឹកនាំដោយស្ត្រី គម្រោងនេះនឹងគាំទ្រដល់គ្រួសារកសិករឱ្យមានលទ្ធភាព កែលម្អជីវភាពរស់នៅ គ្រប់គ្រងហានិភ័យ កាន់តែប្រសើរ និងកសាងសហគមន៍របស់ពួកគេឱ្យកាន់តែមានភាពធន់។ យើងអាចសម្រេចបាននូវ គោលដៅ ទាំងនេះតាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយតួអង្គនានានៅក្នុងខ្សែច្រវាក់តម្លៃនៃវិស័យសាកវប្បកម្ម ចាប់ពីកម្រិតមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ។"

គម្រោង GROWTH នេះត្រូវបានបង្កើតឡើងដោយផ្អែកលើការរៀនសូត្រំពីគម្រោងដែលបានអនុវត្តកន្លងមករួមមាន៖ គម្រោង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ (ស្ទៀរ) អនុវត្តដោយ់អង្គការ SCI និងគម្រោងការធ្វើពាណិជ្ជកម្មសាកវប្បកម្ម មានលក្ខណៈវៃឆ្លាតក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ (Csmart) អនុវត្តដោយអង្គការ iDE កម្ពុជា ក្រោមមូលនិធិពី MFAT ដែលជាគម្រោងផ្តោតសំខាន់ទៅលើកសិកម្មឆ្លាតវៃនឹងអាកាសធាតុ និងការផ្សារភ្ជាប់ទីផ្សារ ។

ក្នុងរយៈពេលប្រាំឆ្នាំ (២០២៥-២០៣០) គម្រោង GROWTH នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់កសិករខ្នាតតូចនៅកម្ពុជា ប្រមាណ ៨,០០០ គ្រួសារ (ស្មើនឹងប្រជាជនប្រមាណ ៤០,០០០ នាក់) គាំទ្រដល់ស្ថាប័ន ឬសហគ្រាសក្នុងស្រុកចំនួន ៧០០ និងបង្កើតអត្ថប្រយោជន៍ដោយប្រយោលដល់ប្រជាជនប្រមាណ ១៦៥,០០០ នាក់ ព្រមទាំងអាជីវកម្មចំនួន ២០០ ផ្សេងទៀត៕