លោកហ្សេលែនស្គី៖ សង្គ្រាមជាមួយរុស្ស៊ីត្រូវតែបញ្ចប់ដោយកិត្តិយស ហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) នៅដើមសប្ដាហ៍នេះ និយាយថា សង្គ្រាមជាមួយរុស្ស៊ីត្រូវតែបញ្ចប់ដោយកិត្តិយស ហើយប្រទេសដែលឈ្លានពាន (រុស្ស៊ី) ត្រូវតែសងនូវរាល់ការខូចខាតទាំងអស់។ លោកបានបញ្ជាក់ដែរថា អ៊ុយក្រែនមានគោលជំហររឹងមាំទៅលើការដាក់ទណ្ឌកម្ម កសាងប្រទេសឡើងវិញ និងដកហូតទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក។ បន្ថែមពីនេះ លោកទទួលស្គាល់ថា បញ្ហាទឹកដីគឺជាចំណុចពិបាកដោះស្រាយជាងគេ ។
ក្នុងពេលដំណាលគ្នា ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូវអែល ម៉ាក្រុង (Emmanuel Macron) បានសន្យាផ្តល់ការគាំទ្រដល់អ៊ុយក្រែនសម្រាប់រយៈពេលវែង។ លោកលើកឡើងជាបន្តទៀតថា ផែនការសន្តិភាពណាមួយត្រូវតែមានវត្តមានរបស់អ៊ុយក្រែន រុស្ស៊ី និងអឺរ៉ុបអង្គុយនៅលើតុតែមួយ។ លោកបានបន្ថែមថា អឺរ៉ុបមានតួនាទីសំខាន់ណាស់ក្នុងការធានាសន្តិសុខ និងការសម្រេចចិត្តលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ។
ជាងនេះទៀត លោកម៉ាក្រុង (Macron) ក៏បានលើកឡើងដែរអំពីបញ្ហាពុករលួយនៅអ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា បារាំងមិនមានសិទ្ធិទៅណែនាំ ឬបង្រៀនមេរៀនអ៊ុយក្រែននោះទេ ព្រោះបារាំងក៏ធ្លាប់ជួបបញ្ហាស្រដៀងគ្នានេះដែរ។ លោកគ្រាន់តែសង្កត់ធ្ងន់ថា ប្រទេសប្រជាធិបតេយ្យត្រូវតែដោះស្រាយអំពើពុករលួយតាមរយៈតុលាការឯករាជ្យ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Newsweek/ VIORY