ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ព្យាយាមចាប់យកចំណែកទីផ្សារប្រេងដូងនៅចិនមកវិញ ក្រោយធ្លាក់ចុះការនាំចេញជិត ៣៩%

image


ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីកំពុងព្យាយាមយកចំណែកទីផ្សារប្រេងដូងរបស់ខ្លួននៅក្នុងប្រទេសចិនមកវិញ បន្ទាប់ពីការនាំចេញប្រេងដូងទៅកាន់ប្រទេសចិនបានធ្លាក់ចុះជិត ៣៩% បើធៀបនឹងឆ្នាំមុន ក្នុងរយៈពេល១០ខែដំបូងនាឆ្នាំ ២០២៥ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងទំនិញរបស់ម៉ាឡេស៊ី លោក ដាទុកសេរី ចូហារីអាប់ឌុល ហ្គានី (Datuk Seri Johari Abdul Ghani) បានលើកឡើងថា ការធ្លាក់ចុះនេះបណ្ដាលមកពីបញ្ហាដឹកជញ្ជូន និងតម្លៃប្រេងដូងឡើងខ្ពស់។ ដោយសារតែតម្លៃឡើងថ្លៃ ធ្វើឱ្យប្រេងដូងមានតម្លៃថ្លៃជាងប្រេងសណ្ដែកសៀង ដែលជាមូលហេតុធ្វើឱ្យអ្នកទិញជនជាតិចិន ងាកទៅទិញប្រេងសណ្ដែកសៀងជំនួសវិញ ។

លោកបានបន្តរៀបរាប់ទៀតថា ប្រទេសចិនជាទីផ្សារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ម៉ាឡេស៊ី អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ការធ្លាក់ចុះយ៉ាងខ្លាំងនាពេលនេះ បង្ហាញពីបញ្ហាធំៗដែលមិនត្រឹមតែទាក់ទងនឹងការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងបញ្ហាតម្លៃ និងការប្រកួតប្រជែងនៅក្នុងទីផ្សារទៀតផង ។

លោកបានបន្ថែមដែរថា ម៉ាឡេស៊ីនឹងបន្តរក្សាគោលនយោបាយនាំចេញប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន ដើម្បីធានាថាការសម្រេចចិត្តរបស់ខ្លួនមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ដៃគូពាណិជ្ជកម្មសំខាន់ៗឡើយ។ ម៉ាឡេស៊ីក៏ស្វាគមន៍ការពិភាក្សាជាបន្តបន្ទាប់ ដើម្បីឱ្យការរំពឹងទុកលើតម្លៃ និងផែនការផ្គត់ផ្គង់រយៈពេលវែងដើរទៅមុខស្របគ្នា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VNA via VN Express | រូបភាព-Photo៖ NSTP/DANIAL SAAD/ Reuters/ Malaysian Palm Oil Council